បាត់ដំបង ៖ ឯកឧត្តម ប៊ុន ហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្កាល ចុះជួយស្រុកគាស់ក្រឡ បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរស្រុកនិងមូលដ្ឋាន រួមទាំងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជានៅ ស្រុកគាស់ក្រឡទាំងអស់ សាមគ្គីគ្នាចុះជួយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈពួកគាត់ជួបទុក្ខលំបាក ដូចជារងគ្រោះទឹកជំនន់ និងបញ្ហាអ្វីផ្សេងៗ ។
ការលើកឡើងបែបនេះ ក្នុងកម្មវិធីតែងតាំងនិងសម្រួលសមាសភាព ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយ ឃុំ និងស្រុកគាស់ក្រឡខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះនៅសាលាស្រុកគាស់ក្រឡ។
ឯកឧត្តមប៊ុន ហុន បានមានប្រសាសន៍ថា ក្នុងនាមយើងជាមន្ត្រី ត្រូវរួមគ្នាឲ្យបានសកម្មបន្ថែមទៀត ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ដោយមិនត្រូវប្រកាន់និន្នាការអ្វីនោះឡើយ ហើយមួយវិញទៀតធ្វើយ៉ាងណា កុំឲ្យពួកគាត់មានការថ្នាំងថ្នាក់នឹងយើងឲ្យសោះ។ សូមបងប្អូនជាសមាជិក-សមាជិកាគណបក្សប្រជាជន ទាំងនៅឃុំក្នុងស្រុកគាស់ក្រឡទាំងអស់ ត្រូវបន្តសាមគ្គីគ្នាចុះជួយប្រជាពលរដ្ឋ ដែលរង់គ្រោះដោយសារទឹកជំនន់ឲ្យបានគ្រប់ៗគ្នា ហើយក្រៅពីការងារមនុស្សធម៌ចុះជួយពលរដ្ឋនេះ ត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេស សេវាសាធារណៈ ដោយមិនត្រូវឲ្យគាត់អះអន់ស្រពន់ចិត្តអ្វីនោះឡើយ។
ឯកឧត្តមឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគាស់ក្រឡ បានអំពាវនាវដល់ក្រុមការងារទាំងអស់ ពេលចុះធ្វើវេទិការ សាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ គប្បីត្រូវស្រង់ស្ថិតិបញ្ហារបស់ពួកគាត់ឲ្យបានគ្រប់ចំណុច ដែលពួកគាត់លើកមក ហើយបើបញ្ហាណាដែលយើងត្រូវដោះស្រាយ បានភ្លាមៗគប្បីដោះស្រាយជូនពួកគាត់និងបញ្ហាណា ដែលពិបាកត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិចារណានឹងធ្វើការដោះស្រាយជូនពួកគាត់៕ ដោយ ៖ អ៊ុងសារុំ