ភ្នំពេញ៖នេះជាប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងនៅព្រឹកថ្ងៃអាទិត្យ ទី ២៥ខែតុលាឆ្នាំ២០២០ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៦ (ក្នុងចំណោមសង្កាត់ទាំង ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
នៅព្រឹកថ្ងៃអាទិត្យទី២៥ខែតុលាឆ្នាំ២០២០នេះគ្រួសាររងគ្រោះនីមួយៗទទួលបាន៖អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី៦ដប ទឹកសុទ្ធអរុណា១កេស ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) នំប៉័ងផ្អែម ១នំ និងទឹកបរិសុទ្ធ ១ដប។
ចំពោះក្នុងរាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានផ្ទះចំនួន១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន ១០.៨២៥គ្រួសារ។ ខណ្ឌរងគ្រោះទាំង៤មានខណ្ឌដង្កោ ៥.៥៨៧គ្រួសារ ខណ្ឌពោធិ៍សែនជ័យ ៣.១៨១គ្រួសារ ខណ្ឌច្បារអំពៅ ១.៦៧២គ្រួសារ និងខណ្ឌកំបូល ៣៨៥គ្រួសារ។
សូមជម្រាបថា បើយោងតាមព័ត៌មានពីកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ដល់ទី២២ខែតុលា២០២០មានរាជធានី.ខេត្តចំនួន១៩ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជនរងគ្រោះចំនួន៣៩នាក់បានស្លាប់ ក្នុងនោះខេត្តបន្ទាយមានជ័យស្លាប់២២នាក់ និងប្រជាពលរដ្ឋរងគ្រោះសរុបប្រមាណ១២ម៉ឺន២ពាន់គ្រួសារ៕ដោយ៖ឡេង បញ្ញាឬទ្ធិ