Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​ជាង ៣០០​គ្រួសារ ទទួល​អំណោយ​ពី​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ​

​បាត់ដំបង​៖​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​ជាង ៣០០​គ្រួសារ​នៅក្នុង​ឃុំ​ឆ្នាល់មាន់​និង​ឃុំ​ហប់ ដែល​កំពុងស្នាក់នៅ​ទីទួល​សុវត្ថិភាព បានទទួល​អំណោយ​ពី​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ​មាន​ឯកឧត្តម ឡាំ ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​គាស់ក្រឡ​និង​ឯកឧត្តម ប៊ុន ហ៊ុន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​គាស់ក្រឡ​រួមទាំង​ក្រុមការងារ​ទាំងអស់ ដែល​អំណោយ​ទាំងអស់នេះ ជា​របស់​សប្បុរសជន​ជាតិចិន​និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ទឹកជំនន់​ឆ្នាំ​២០២០​មាន​ខ្មែរ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​គាស់ក្រឡ​។​

​ឯកឧត្តម ប៊ុន ហ៊ុន​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍ថា ការផ្តល់​ជូនអំណោយ​ទាំងនេះ គឺ​កើតឡើង​ដោយសារ​ទឹកចិត្ត​អាណិត​ស្រឡាញ់​ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ​មិន​ប្រកាន់​ឋានៈ បក្ខពួក​ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ស្របទៅតាម​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម ប៊ុន ហ៊ុន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​នៅ​ស្រុក​គាស់ក្រឡ​នៅពេល​ទឹក​ស្រក​ទៅ សូម​ប្រញាប់ប្រញាល់​នាំគ្នា​ដាំ​បន្លែបង្ការ សម្រាប់​ហូបចុក​ខ្លួនឯង​ឬ​លក់ដូរ អាច​បាន​ប្រាក់​ខ្លះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​ឯកឧត្តម ឡាំ ជា បាន​ណែនាំ​ដល់​ពលរដ្ឋ​សូម​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​គ្រោះទឹកជំនន់ ដែល​កំពុង​កើតមាន​នៅក្នុង​ស្រុក រួមទាំង​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តបាត់ដំបង ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ចំពោះ​វិធានការ​ផ្សេងៗ កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ ពី​បញ្ហា​ទឹកជំនន់​។​

​ពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​ពី​ក្រុមការងារ បាន​និយាយ​លើកឡើងថា ក្រោយពេល​ពួកគាត់​ជួប​បញ្ហា​គ្រោះទឹកជំនន់ ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​អាជ្ញាធរ ក្រុមការងារ​រាជរដ្ឋាភិបាល​និង​សប្បុរសជន​នានា តាមរយៈ​ការផ្ដល់​អំណោយ ការសង្គ្រោះ​មកកាន់​ទីទួល​សុវត្ថិភាព​ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ថ្ងៃ​ជាមួយគ្នានេះ ក្រុមការងារ បាន​ចុះ​ពិនិត្យ​ការសាងសង់​ទីស្នាក់ការ​កណ្ដាល សម្រាប់​ស្នាក់នៅ​របស់​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ រួមទាំង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅក្នុង​ស្រះ ទឹក​ទំហំ​ប្រមាណ ៣​ហិកតា ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ដល់ជូន​ពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ ៕​ដោយ​៖​អ៊ុង​សា​រុំ​

×