បណ្តាញសង្គមនៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន បានកំពុងផ្ទុះកក្រើក ជាមួយនឹងមង្គលការដ៏មិនសមទំនងមួយ ដោយសារតែកូនកំលោះ និងកូនក្រមុំ មានវ័យខុសគ្នារហូតដល់ទៅ ៥៣ ឆ្នាំ ឯណោះ។
នេះបើតាមសារព័ត៌មាន Tribun News បានចុះផ្សាយឲ្យដឹងថា កូនកំលោះឈ្មោះ Abah Sarna អាយុ ៧១ ឆ្នាំ មកពី Majasari ខណៈកូនក្រមុំឈ្មោះ Noni អាយុ ១៨ ឆ្នាំ មកពី Bunut Pangsor។ អ្នកទាំងពីររស់នៅក្នុងស្រុកដូចគ្នា Javan ស្ថិតក្នុងទីក្រុង Subang ប្រទេសឥណ្ឌូនេស៊ី។
រូបថតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានកំពុងរីករាលដាល បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកចូលរួមពិធីមង្គលការម្នាក់ឈ្មោះ Ririn Priyani ដែលបានសរសេររៀបរាប់ឲ្យដឹងថា៖ ទោះបីជាមានអាយុខុសដាច់គ្នាជាង ៥ ទសវត្សរ៍ រវាងអ្នកទាំងពីរយ៉ាងណាក្តី តែគូស្នេហ៍នេះមើលទៅពិតជាមានសេចក្តីសុខ និងសមនឹងគ្នាណាស់! អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។
ទន្ទឹមនឹងនេះផងដែរ មិត្តភក្តិជិតស្និទ្ធរបស់គូស្នេហ៍នេះដែលមានឈ្មោះ Agus Suryajaya ក៏បានចែករំលែករូបថត២សន្លឹក ដែលរៀបរាប់លម្អិតអំពីកាដូអាពាហ៍ពិពាហ៍ដែលត្រូវបានផ្តល់ដោយតា Abah Sarna ជូនប្រពន្ធក្មេង Noni។ ក្នុងនោះ Suryajaya ក៏បានប្រាប់ឲ្យដឹងថា ថ្លៃបណ្ណាការរួមមានម៉ូតូម៉ាក PCX ១គ្រឿង, ទូដាក់ខោអាវថ្មី១ និងប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ ហើយរបស់របរទាំងអស់នោះ គឺតម្រូវរថយន្ត២គ្រឿងដឹកជញ្ជូន។
ក្រៅពីនេះ តា Abah Sarna ក៏បានជូនកាដូជាថ្លៃបណ្តាការនូវមាសទម្ងន់ ១១ ក្រាម និងលុយជិត ៦០០ ដុល្លារ ផងដែរ។ យើងរីករាយសម្រាប់គូស្នេហ៍នេះ ហើយសង្ឃឹមថា គូស្វាមីភរិយាមួយគូនេះ នឹងរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងរកស៊ីមានបានទ្រព្យសម្បត្តិហូរហៀរ៕ ដោយ៖ លឹម ហុង