បច្ចុប្បន្ន ប្រទេសវៀតណាមដែលបានកំពុងរងការជន់លិច ពីអ្វីដែលគេពិពណ៌នាថាជាគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេស ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍មកនេះ គឺកំពុងប្រឈមនឹងអាកាសធាតុអាក្រក់ជាងនេះទៀតនៅថ្ងៃបន្ទាប់ខាងមុខ។
បើតាម VOANews បានឲ្យដឹងថា ទឹកជំនន់ និងការបាក់ដីប៉ុន្មានសប្តាហ៍មកនេះ បានបណ្តាលឱ្យបាត់បង់សត្វពាហនៈ ផលដំណាំ ស្បៀងអាហារ និងអាយុជីវិតមនុស្សចំនួន ១១១ នាក់ ខណៈមនុស្ស ២២ នាក់ នៅតែបាត់ខ្លួននៅឡើយគិតត្រឹមថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០។
ប្រទេសវៀតណាម កំពុងប្រឈមនឹងព្យុះ និងការចុះត្រជាក់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមខែតុលា។
គិតត្រឹមពាក់កណ្តាលខែតុលា ប្រជាជនជាង ២៥០.០០០ គ្រួសារ នៅខេត្តចំនួន ៦ បានរងផលប៉ះពាល់ដោយទឹកជំនន់ ដោយតំបន់ជាច្រើនលិចទឹកដល់កម្រិត ២ ម៉ែត្រ ទៅជាង ៣ ម៉ែត្រដែលបណ្តាលឲ្យមានផ្ទះរាប់ពាន់ខ្នងនៅក្រោមទឹក ហើយមនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅទៅកាន់ទីទួលមានសុវត្ថិភាព។
សត្វគោ និងបសុបក្សីប្រមាណ ៦៩១.០០០ ក្បាល ត្រូវបានបាត់បង់ ដោយសារទឹកជំនន់ ហើយផលដំណាំជាង ៧.២០០ ហិកតា ត្រូវបានបំផ្លាញ។
ទឹកជំនន់ក៏បានបំផ្លាញផ្លូវជាតិចំនួន ១៦ ខ្សែ និងផ្លូវក្នុងស្រុកជាង ១៦០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន៤។
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានកត់សម្គាល់ឃើញថា ប្រជាជនរាប់រយរាប់ពាន់នាក់នៅប្រទេសវៀតណាម ពេលនេះកំពុងត្រូវការទីជម្រកបន្ទាន់ ទឹកស្អាតប្រើប្រាស់ ចំណីអាហារ និងការគាំទ្រប្រាក់ចំណូល៕ ដោយ៖ លឹមហុង