Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​សមិទ្ធផល​នា​ថ្ងៃនេះ​ថា ជា សមិទ្ធផល​ថ្មី​លើដី​សន្តិភាព​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ​១​។

​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​។ ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង ៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​។ ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​១​ខ្សែ​នេះ នៅពេល​សាងសង់​រួច នឹងចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១​។ ជាពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នេះ ។
​ហើយ​នៅថ្ងៃនេះ​ផងដែរ តប​តាម​ការស្នើសុំ​ពី​អភិបាល​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ដាក់អោយ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី​ត្រង់​រង្វង់​មូល​ចោមចៅ​ដែលមាន​ប្រវែង ៤៨៨ ម៉ែត្រ អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​បណ្តោះអាសន្ន​ចាប់​ពេលនេះ​តទៅ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សុំអោយ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ទៅ​ភ្ជាប់​សេវា​ទូរស័ព្ទ​នៅ​ផ្លូវ​ក្រោម​ដី​នោះ ដើម្បី​កុំ​អោយដាច់​សេវា​ពេលធ្វើ​ដំណើរ​ដល់​ផ្លូវ​ក្រោម​ដី​នោះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​សមិទ្ធផល​នា​ថ្ងៃនេះ​ថា ជា «​សមិទ្ធផល​ថ្មី​លើដី​សន្តិភាព​» ។

​សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ភាព​រីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​ក្រោយពី​ងើប​ពី​សង្គ្រាម​មក គឺជា​ទីក្រុង​ដែល​មិនមាន​មនុស្ស​រស់នៅ​ច្រើន​នោះទេ តែ​ពេលនេះ មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់ និង​មាន​អគារ​ខ្ពស់ៗ​រាប់រយ​អគារ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា បច្ចុប្បន្ន ទីក្រុង​ភ្នំពេញ​បាន​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់ ដែល​មុននេះ ផ្ទៃដី ទីក្រុង​ភ្នំពេញ​គឺ មាន​ចំនួន ៣០០​គីឡូម៉ែត្រ​ការ​រ៉េ ឥឡូវនេះ​ផ្ទៃដី​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់ ជិត ៧០០​ម៉ែត្រ​គីឡូម៉ែត្រ​កា​រ៉ែ​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​អោយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​បញ្ហា​គ្រោះទឹកជំនន់ ត្រូវ​ចុះទៅ​វាយតម្លៃ​ភ្លាមៗ និង​ត្រូវ​ស្តា​អ្វីដែល​ខូចខាត​នោះ​ភ្លាមៗ ដូចជា​ផ្លូវលំ ផ្លូវជាតិ និង​ការបង្កបង្កើន​ផលរប​ស់​ប្រជាកសិករ​ជាដើម​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទទួលបាន​ផល​លឿន ក្រោយពី​ទឹកជំនន់​នេះ និង​ការស្តារ​ប្រទេសជាតិ​ឡើងវិញ​នូវ​អ្វីដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​។

​បន្ទាប់ពី​អញ្ជើញ​ចែក​នូវ​អំណោយ​ដល់​កម្ម​កសាង​សង់ស្ពាន​នេះ​រួចហើយនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចុច​ប៊ូ​តុង ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ​១ ចាប់ពីពេលនេះ​តទៅ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×