ភ្នំពេញ៖ នាយកសាខាសាលាអន្តរជាតិវេសស្ទឺនម្នាក់ មានជម្ងឺមហារីកពោះវៀនធំច្រើនខែមកហើយ និងព្យាបាលមិនជា ស្រាប់តែដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន លុះពេលប្រពន្ធត្រឡប់មកពីយកនៅសាលារៀន ទើបប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ មុនពេលសម្រេចចងកសម្លាប់ខ្លួននាយកសាខាសាលាអន្តរជាតិវេសស្ទឺនរូបនោះ ក៏បានសរសេរលិខិតបណ្តាំមួយទុកជូនក្រុមគ្រួសារផងដែរ។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នោះ បានកើតឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
អត្តឃាតជនឈ្មោះ លីម ប៊ុនលាង អាយុ៣៨ឆ្នាំ ជានាយកសាខាសាលាវេសស្ទឺន សាខានៅខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធនិងកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ និងមានទីលំនៅផ្ទះកើតហេតុខាងលើ។
អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា៖មុនពេលធ្វើអត្តឃាត បុរសរងគ្រោះបានបន្សល់ទុកនូវលិខិតបណ្ដាំចំនួន៤ច្បាប់ ដែលបានផ្ដាំទៅប្រពន្ធ កូន និងឪពុកម្ដាយផងដែរ។
យោងតាមស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់នគរបាលថា ប្ដីនាងមានជម្ងឺមហារីកពោះវៀនធំច្រើនខែកន្លងមកហើយ រហូតឈានដល់ការវះកាត់ ដាក់ទុយោចេញក្រៅថែមទៀតផង ប៉ុន្តែទោះជាខំប្រឹងព្យាបាល យ៉ាងណាក៏មិនជាសះស្បើយដែរ។ ក្រោយពេលដែលនាងដឹកកូនមកដល់ផ្ទះ ហើយកូនបើកទ្វារចូលទៅក្នុងផ្ទះ ទើបប្រទះឃើញឪពុកចងកសម្លាប់ខ្លួន ។
ចំណែកមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹង ដែរថា៖ បុរសរូបនោះ បានយកខ្សែកាប្លិ៍ទូរទស្សន៍ចងក ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ ហើយបន្ទាប់ពីបានឃើញបែបនេះ ប្រពន្ធបានយកកាំបិតកាត់ខ្សែទម្លាក់ចុះ ក្នុងបំណងយកទៅសង្គ្រោះ ប៉ុន្តែប្ដីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូននគរបាលចុះទៅពិនិត្យ។ នគរបាលបានបញ្ជាក់ថា ពិតជាធ្វើអត្តឃាតដោយចងកប្រាកដមែន៕ ដោយ៖បញ្ញាស័ក្តិ