និយាយដល់អ្នកជំនួញកសិកម្មដ៏ធំជាងគេបំផុតនៅស្រែកខ្មែរ នោះបងប្អូនមហាជនបានស្គាល់រួចហើយ គឺឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលទទួលបានការគោរព ស្រឡាញ់ជាខ្លាំង ពីប្រជាជនខ្មែរយ៉ាងច្រើន ព្រោះថា លោកពុំត្រឹមតែផ្តល់ទីជម្រក និងការងារធ្វើដល់ប្រជាជនខ្មែររាប់ម៉ឺននាក់ប៉ុណ្ណោះទេ តែលោកឧកញ៉ាគេក៏តែងឃើញឧស្សាហ៍ជួយដល់អ្នកក្រីក្រជាច្រើនទៀត ដែលមានជីវភាពខ្វះខាតផងដែរ។
យ៉ាងណាមិញ នាវេលាម៉ោងប្រមាណ ៧ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ខណៈឃើញលោកស្ថិតក្នុងឯកសណ្ឋានទៅចូលរួមប្រជុំពេញអង្គព្រឹទ្ធសភា បានប្រទះឃើញស្ត្រីម្នាក់កំពុងបណ្តើរកង់លក់ចំណីហូបចុកយ៉ាងច្រើនមុខ ដោយក្តីអាណិតខ្លាំងពេក លោកក៏បានចុះទិញយកទាំងអស់ ដើម្បីយកទៅចែកសមាជិកសមាជិការព្រឹទ្ធសភាហូបទុកជាអាហារសម្រន់។ ហើយតាមរយៈរូបភាពបង្ហោះ ឃើញថាពួកគាត់ម្នាក់ៗ បានទទួលយកដោយក្តីរីករាយជាខ្លាំង។
ក្នុងនោះផងដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានមានពាក្យពេចន៍រៀបរាប់ដ៏មានអត្ថន័យជ្រាលជ្រៅថា៖ «របស់ថោក តែ បើយើងចេះនាំគ្នា ឲ្យតម្លៃ វាទៅ និងមានតម្លៃ ដូចគេដូចឯងអ៊ីចឹងដែរ មិនខុសអីពីដុំថ្មទេ នៅពេលដែលយើងលើកយកមកដាក់នៅលើរោង ឬ អាសនៈណាមួយ ហើយនាំគ្នា ចេះតែ មកបន់ស្រន់ទៅ មានពេលខ្លះ វាអាចក្លាយជា អ្នកតា ជួយយើងឲ្យបាត់ចុកពោះ ម្តងម្កាលអ៊ីចឹងដែរ»។
តាមរយៈការលើកឡើងប្រៀបធៀបដ៏មានន័យខាងលើរបស់លោកឧកញ៉ា យើងក៏សូមបងប្អូនដែលមានជីវភាពធូរធារ មេត្តាជិះក្រឡេកមើលបងប្អូនអ្នកលក់ចំណីអាហារតាមចិញ្ចើមថ្នល់ ឲ្យតម្លៃពួកគាត់ផង ព្រោះថា ពុំត្រឹមថោកទេ តែក៏ខ្លាញ់ពិសារផងដែរ៕ ដោយ៖ លឹម ហុង