Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​បញ្ហា​កូ​វីដ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ថយចុះ , ៩​ខែ ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ១​លាន​នាក់ និង​ភ្ញៀវ​ផ្ទៃក្នុង​ជាង ៧​លាន​នាក់​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ត្រឹមតែ ១.២៤៧.៦៨០​នាក់ ថយចុះ ៧៤,១% និង​ទទួលបាន​ទេសចរ​ផ្ទៃក្នុង ៧.២៨៤.៤០៩​នាក់ ថយចុះ ៥១,៩% ដែល​ការថយចុះ​នេះ​គឺ​ដោយសារ​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ចាប់ពី​ខែមេសា ដល់​ខែកញ្ញា និន្នាការ​ទេសចរណ៍​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ជាក់ស្ដែង ទេសចរ​សម្រាកលំហែ​ក​ម្សា​ន្ត​មាន ៤៣,៤% ទេសចរ​ធុរកិច្ច និង​ការទូត​មាន ៥៤,៤% និង​ផ្សេងៗ ២,៣%​។ កាលពី​ឆ្នាំ​២០១៩ ទេសចរ​សម្រាកលំហែ​ក​ម្សា​ន្ត​មាន​រហូតដល់ ៧៦,២% ទេសចរ​ធុរកិច្ច និង​ការទូត​មាន ២០,៧% និង​ប្រភេទ​ផ្សេងៗ ៣,១%)​។​
​តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ១.៣២​លាន​នាក់ ថយចុះ ៨០% ធៀប​នឹង​ឆ្នាំ​២០១៩​។​
​អ្នកជំនាញ​ទេសចរណ៍​បាន​វាយតម្លៃថា ស្ថានភាព​ទេសចរណ៍​កម្ពុជា​នឹង​វិល​ត្រលប់មក​ប្រក្រតីភាព​ឡើងវិញ តាម​សេណា​រី​យ៉ូ​ចំនួន ២៖ សេណា​រី​យ៉ូ​ទី​១ ប្រើ​រយៈពេល ៣​ឆ្នាំ (២០២០-២០២៣) និង សេណា​រី​យ៉ូ​ទី​២ ប្រើ​រយៈពេល ៥​ឆ្នាំ (២០២០-២០២៥)​។​

​ក្រសួងទេសចរណ៍​បាន​បន្តថា រយៈពេល​៩​ខែ ឆ្នាំ​២០២០ មាន​ទេសចរ​ផ្ទៃក្នុង ៧.២៨៤.៤០៩​នាក់ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​នានា​ទូទាំងប្រទេស ថយចុះ ៥១,៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ប្រមាណ ៥.៥៦២.៥៣១​នាក់ ថយចុះ ៣៨,២% និង​ទេសចរ​បរទេស​មាន​ប្រមាណ ១.៧២១.៨៧៨​នាក់ ថយចុះ ៧២%​។​
​តាម​ការព្យាករណ៍ ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​ទេសចរ​ផ្ទៃក្នុង​បាន​ប្រមាណ ៩​លាន​នាក់ ថយចុះ ២០% ធៀប​នឹង​ឆ្នាំ​២០១៩ ខណៈ​ទេសចរ​ផ្ទៃក្នុង​នឹង​វិល​មក​ប្រក្រតីភាព​ឡើងវិញ​ក្នុង​រយៈពេល ៣​ឆ្នាំ ពោល​គី​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ទទួលបាន ១១​លាន​នាក់​។​

​នា​រសៀល​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​រយៈ​ពេល ៩​ខែ ដើមឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ក្រសួង និង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ប្រមាណ ១៣០​នាក់​។​
​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បូកសរុប ឆ្លុះបញ្ចាំង និង​វាយតម្លៃ​ពី​លទ្ធផល​អនុវត្ត​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ កន្លងមក និង​ការដាក់ចេញ​នូវ​ផែនការ យុទ្ធសាស្ត្រ និង​ទិសដៅ​អនុវត្ត​បន្ត ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។​
​កិច្ចប្រជុំ​នេះ​មាន​បទ​អន្តរាគមន៍​លើ​ប្រធានបទ​ចំនួន​សំខាន់ៗ ៦ ដូចជា​៖ ផែនការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ ផែនការ​សកម្មភាព​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​ការពង្រឹង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ។ ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​សហគមន៍​ទេសចរណ៍ ។ កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ជាមួយ UNWTO, WTTC, ASEAN, ASEAN+3 ។ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​។ ការពង្រឹង​រចនាសម្ព័ន្ធ និង​វិន័យ​មន្ត្រីរាជការ​នៅ​ថ្នាក់​ក្រសួង និង​ថ្នាក់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត​៕​
ដោយ៖បញ្ញាស័ក្តិ

×