ភ្នំពេញ៖ និយាយដល់ ចំប៉ីខ្មៅ នោះប្រិយមិត្ត និងមហាជនជាច្រើន នៅចាំមិនភ្លេចនោះទេ ដែលបុគ្គលរូបនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថ្កោលទោសយ៉ាងខ្លាំងក្លា បន្ទាប់ពីរូបគេបានបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរយ៉ាងធ្ងន់ៗ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាលខ្លួនធ្វើឲ្យឈឺចាប់ខ្លាំង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងនៅក្នុងទឹកដីខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍» យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
តែយ៉ាងណា តារាហ្វេសប៊ុក ភេទទី៣រូបនេះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញនៅក្នុងឆ្នាំ២០២០ ក្រោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។
ដោយឡែក ថ្មីៗនេះ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំប៉ីខ្មៅ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងក៏សម្តែងនូវក្តីអាណិតអាសូរជាខ្លាំងផងដែរ ក្រោយរូបគេបានបង្ហោះសារលើកម្រាមដៃ សូមក្តីមេត្តាពីសំណាក់មហាជន ដើម្បីបានឱកាសចូលរៀនឆ្នាំទី៤វិញផង។
ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Heng Yin ចំប៉ីខ្មៅ បានបង្ហោះសារសរសេររៀបរាប់ហេតុផលយ៉ាងដូច្នេះថា៖ «គ្រប់យ៉ាងមិនអាចលុបលាងដោយការសុំទោសបាននោះទេ បើគ្រប់គ្នាបង្កើតកំហុសដោយការប្រមាថហើយសុំទោស ចុះខ្ញុំជាអ្វី? ខ្ញុំបានអនុវត្តន៍ទោសយ៉ាងពេញលេញ១ឆ្នាំ ក្នុងគុក ថ្ងៃនេះពេលនេះខ្ញុំមានតែលើកម្រាមដៃ សុំឲ្យពុកម៉ែបងប្អូន សម្ដេច ទ្រង់លោកអ្នកទាំងអស់គ្នាមេត្តាផ្ដល់ឱកាសឲ្យខ្ញុំបាទ បានទទួលឱកាសចូលរៀនឆ្នាំទី៤វិញផងបាទ ជាពិសេសការអន្តរាគមន៍ដ៏មានតម្លៃពីឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ជា។ ខ្ញុំបាទខុស មានបទល្មើសហើយក៏អនុវត្តន៍ទោសរួចហើយ កាលពេលចាប់ខ្លួនខ្ញុំបាទខ្ញុំរៀនបានឆ្នាំទី៣រួចហើយ ជួយមនុស្សម្នាក់នេះផង»៕ ដោយ៖ លឹម ហុង