ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់ច្បាស់ ពីតារាកំប្លែងស្រីជើងចាស់ ៣ រូប មានយាយ យ៉យ យាយ អឿន និងអ្នកនាង ឆយ ដែលអ្នកទាំងបីតែងផ្តល់សំណើចសប្បាយរីករាយ តាមរយៈការសម្តែងកំប្លែង និងក៏ដូចអាយ៉ៃឆ្លើយឆ្លងដ៏ប៉ិនប្រសប់របស់ពួកគាត់នៅលើឆាកទូរទស្សន៍ជារឿយៗកន្លងៗមក។
ពិតមែនហើយ ពុំត្រឹមតែមានទេពកោសល្យខាងកំប្លែង និងអាយ៉ៃឆ្លើយឆ្លងប៉ុណ្ណោះទេ តែពួកគាត់ក៏មានទឹកដមសំឡេងផ្នែកចម្រៀងសម័យក៏មិនធម្មតានោះដែរ ជាពិសេសយាយ យ៉យ កាលពេលកន្លងទៅនេះ ខណៈចូលរួមក្នុងពិធីមួយ បានឡើងបកស្រាយបទចម្រៀង «ស្នេហ៍វ័យចំណាស់» មួយបទយ៉ាងពីរោះ ធ្វើឲ្យហ្វេនៗកោតសរសើរយ៉ាងខ្លាំងតែម្តង។
ដោយឡែក កាលពីម្សិលមិញ តាមរយៈវីដេអូបង្ហោះដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញឲ្យឃើញយាយ យ៉យ យាយអឿន និងអ្នកនាង ឆយ ជួបគ្នានៅលើឆាក និងបានរួមគ្នាបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ក្រមុំទាំងបី» ឃើញថាបានផ្ទុះការសរសើរយ៉ាងខ្លាំងនៅបណ្តាញសង្គម ព្រោះថារាល់ដងគេធ្លាប់តែឃើញតារាកំប្លែងជើងចាស់ទាំង៣រូបនេះលេងកំប្លែង ដោយមិននឹកស្មានពួកគាត់អាចច្រៀងពីរោះបែបនេះសោះឡើយ។
យ៉ាងណាមិញ ក្រោយវីដេអូនេះបង្ហោះរួច ឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនបានចូលខមិនលាន់មាត់សរសើរគ្រប់ៗគ្នាថា៖ «ក្រមុំទាំងបីច្រៀងពីរោះណាស់, ខ្ញុំចូលចិត្តស្រឡាញ់ពួកគាត់ទាំងបីនាក់ ព្រោះពូកគាត់ជាតារាជើងចាស់យូរតាំងពីខ្ញុំនៅក្មេងចូលចិត្តមើលពួកគាត់សម្តែងខ្លាំងណាស់, ក្រមុំទាំងបី មិនងាយបានជួបគ្នាទេមើលហើយសើចតែម្តង ខានឃើញបែបនេះយូរហើយ ស្រឡាញ់ណាស់» និងនៅមានពាក្យពេចន៍លើកសរសើរ និងក៏ដូចការបង្ហាញពីសញ្ញាបេះដូង និងបាច់ផ្កាយ៉ាងច្រើនទៀតផងដែរ៕ ដោយ៖ លឹម ហុង