ភ្នំពេញ៖ បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា គិតត្រឹម ៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន មានចំនួនជិត ១លានតោន និងអាចឈានដល់១.២លានតោន ក្នុងពេលឆាប់ៗនេះ ចាប់តាំងពីមានការ ចុះអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងចិន ក្នុងការនាំចេញអង្ករកាលពីឆ្នាំ២០១៤កន្លងទៅ។
ក្នុងជំនួបជាមួយអគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលផ្តោតសំខាន់លើការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា បន្ទាប់ពីមានការចុះអនុស្សរណៈយោគយល់គ្នាមក គិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកឧកញ៉ាបានបន្តថា បានលើកឡើងអំពីការងារ និងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។
ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន។ ចំនុចនេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០នេះ ទីផ្សាររបស់ប្រទេសចិន មានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករទាំងមូលរបស់កម្ពុជា។
ក្រៅពីសក្តានុពល និងឱកាសក្នុងការពង្រីកការនាំចេញរបស់កម្ពុជាទៅចិន សហព័ន្ធស្រូវអង្ករកម្ពុជា និង បានលើកជាសំណូមពរមួយចំនួន និងធ្វើការពិភាក្សាលើការងារមួយចំនួនដូចជា ស្នើសុំភាគីចិន ពិនិត្យលទ្ធភាពជួយជំរុញការផ្សព្វផ្សាយ អង្ករកម្ពុជាក្នុងប្រទេសចិន ជាពិសេស «ម៉ាក ម្លិះ អង្គរ»តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន និងជួយជុំរុញឱ្យការមានការបង្កើនការបញ្ជាទិញ ឱ្យបានច្រើនថែមទៀត ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ ជាដើម។
សូមជម្រាបថា លោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចិននិងទទួលយក ដើម្បីពិនិត្យរកលទ្ធភាពដោះស្រាយ និងធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មអង្ករ ឱ្យកាន់តែរីកចំរើនឡើង៕ ដោយ ៖ CEN