ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមវេទិការបស់ធនាគារពិភពលោក (World Bank) ស្តីពី “កម្មវិធីគ្រប់គ្រង និងពិគ្រោះយោបល់ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)” តាមរយៈប្រព័ន្ធអនឡាញ។
វេទិកានេះធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមពីទេសាភិបាល ទេសាភិបាលរង អគ្គនាយក និងអគ្គនាយករងរបស់ធនាគារកណ្តាលជាសមាជិករបស់ RAMP ដែលមានចំនួនសរុប ៤៤ប្រទេស។
វេទិកានេះ គឺជាវេទិកាប្រជុំពិភាក្សា និងចែករំលែកនូវបទពិសោធន៍របស់ប្រទេសសមាជិករបស់កម្មវិធី RAMP និងត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទ្រព្យសកម្មវិនិយោគក្នុងបរិការណ៍ថ្មី ដោយផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy) ។
ជារួម នៅពេលដែលពិភពលោកប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩) បណ្តារដ្ឋាភិបាល ធនាគារកណ្តាល និងវិនិយោគិន បានគិតគូរនិងពិចារណាលើការវិនិយោគប្រកបដោយចិរភាព កិច្ចការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងសុខមាភាពសង្គម។
នាឱកាសនោះ លោក ជា ចាន់តូ បានចូលរួមចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការដាក់ចេញការអនុវត្តគោលនយោបាយរូបិយវត្ថុ និងការដាក់ចេញវិធានការណ៍ម៉ាក្រូប្រយ័ត្នសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងន័យធានាឱ្យមានភាពរឹងមាំក្នុងវិស័យនេះ ជាពិសេសនៅក្នុងអំឡុងពេលប្រទេសប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩)។
ទន្ទឹមនេះ លោកទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដែលបានផ្តល់ជាជំនួយបចេ្ចកទេស និងអាហារូបករណ៍ដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសផ្តោតលើការគ្រប់គ្រងទុនបម្រុងវិនិយោគ។
ធនាគារពិភពលោកបានធ្វើកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការចូលរួមរបស់ធនាគារជាតិនៃកម្ពុជាជាសមាជិកនៅក្នុងកម្មវិធី RAMP របស់ធនាគារពិភពលោក។ គួររំលេចផងដែរថា ធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងកម្មវិធី RAMP គិតចាប់ពីឆ្នាំ ២០០៩ មក៕
ដោយ៖CEN