Monday, November 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អប់រំ ចុះ​ពិនិត្យ​ស្ថានភាព​គ្រឹះស្ថានសិក្សា​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកណ្ដាល​

​ខេត្តកណ្ដាល​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការចុះពិនិត្យ​ស្ថានភាព​គ្រឹះស្ថានសិក្សា​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ត្រូវបាន​បិទ​បណ្ដោះអាសន្ន​ក្នុងកំឡុងពេល​នៃ​ការបើក​សាលា​ឡើងវិញ​ដំណាក់កាល​ទី​២​នេះ ដើម្បី​សិក្សា​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​ពី​ស្ថានភាព​ជាក់ស្ដែង និង​ចូលរួម​សហការ ចាត់វិធានការ​ដោះស្រាយ​រៀបចំ​បរិស្ថាន​សាលារៀន​ឡើងវិញ​ឲ្យ​ទាន់ពេលវេលា​នៅពេល​ចប់​គ្រោះទឹកជំនន់​។ ការចុះពិនិត្យ​ស្ថានភាព​គ្រឹះស្ថានសិក្សា​ប៉ះពាល់​ដោយ​ជំនន់ ២៧ តុលា ២០២០ សាលាបឋមសិក្សា និង​អនុវិទ្យាល័យ អង្គស្នួល ខេត្តកណ្ដាល​

​ដើម្បី​ជាការ​រួមចំណែក​រំលែក​នូវ​បញ្ហា និង​ជាការ​លើកទឹកចិត្ត​ដល់​គណ​:​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ដឹកនាំ​ក្រសួង​យើង​បាន​នាំយក​នូវ​សម្ភារ​:​សិក្សា សម្ភារ​:​អនាម័យ និង​ស្បៀងអាហារ​មួយចំនួន​ដើម្បី​ចែកជូន​ផងដែរ ដែល​រួមមាន​៖ សៀវភៅ ប៊ិច ខ្មៅ​ដៃ បន្ទាត់ ម៉ាស ជែ​ល ឧបករណ៍​លាងដៃ​ស្វ័យប្រវត្តិ ក្ដារខៀន មី​ម៉ា​ម៉ា អង្ករ ទឹកត្រី ត្រីខ អំបិល ប៊ីចេង ទឹក​សុទ្ធ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុងឱកាស​នេះដែរ ឯកឧត្ដម​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​គណ​:​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្រៀន​សិស្ស​ក្នុងកំឡុងពេល​បិទ​សាលា​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដោយ​បន្ត​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ក៏ដូចជា​បង្រៀន​ជា​បណ្ដុំ និង​បង្រៀន​ពី​ចម្ងាយ​តាមបែប​ប្រពៃណី​ជាដើម​។ ក្រោយពី​សំណេះសំណាល​ចប់​ឯកឧត្ដម​ក៏បាន​នាំ​សហការី អញ្ជើញ​ដើរ​ពិនិត្យ​ជុំវិញ​បរិវេណ​សាលា​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×