បាត់ដំបង៖ ពលរដ្ឋ១៥០០គ្រួសារ ជួបគ្រោះទឹកជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅក្នុងខេត្តបាត់ដំបង ត្រូវបានយកចិត្តទុកដាក់ការថែទាំសុខភាព ពីអាជ្ញាធរខេត្ត តាមរយៈការផ្ដល់នូវថ្នាំចម្រុះទឹកស្អាតនិងសម្លាប់មេរោគ សម្រាប់ទុកប្រើប្រាស់និងការបរិភោគប្រចាំថ្ងៃ ជាអំណោយរបស់អង្គការយូនីសេហ្វ (UNICEF) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានមានប្រសាសន៍ថា ថ្នាំចម្រុះនិងទឹកស្អាតនេះ ជាអំណោយរបស់អង្គការយូនីសេហ្វ (UNICEF) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ចែកជូនពលរដ្ឋក្នុងស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង ដែលបានរងគ្រោះ ដោយទឹកជំនន់សរុបចំនួន១៥០០គ្រួសារ ។រហូតដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ការផ្ដល់ជូននូវថ្នាំចម្រុះនិងទឹកស្អាត់នេះដល់ពលរដ្ឋចំនួនជាង១០០០គ្រួសារហើយនឹងបន្តទៅចែកដល់ពលរដ្ឋនៅតាមស្រុកជាប់ព្រំដែនថៃ ដោយការចែកនេះ មិនបានគ្រប់ស្រុកនោះទេ ប៉ុន្តែមន្ត្រីមន្ទីរ ក៏បានចុះផ្សព្វផ្សាយដល់ពលរដ្ឋ ជួបគ្រោះទឹកជំនន់ ឲ្យពួកគាត់ថែរក្សាអនាម័យ បរិភោគទឹកស្អាតជាដើម។ល។ក្រៅពីការផ្ដល់នូវធុងចម្រុះទឹកស្អាត មន្ទីរក៏នឹងធ្វើការស្ដារឡើងវិញនូវបង្គន់អនាម័យ ដែលត្រូវទឹកជំនន់លិចបណ្ដាលឲ្យខូច នៅតាមស្រុកមួយចំនួន រួមទាំងធ្វើការវាយតម្លៃផលប៉ះពាល់ទៅលើផ្លូវលំ និងរងការខូចខាត ដើម្បីឈានទៅធ្វើការជួសជុលនិងកែលម្អ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះចែកធុងចម្រុះទឹកស្អាតដល់ពលរដ្ឋ ក្នុងស្រុករុក្ខគិរីនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ថា បញ្ហាទឹកជំនន់នៅក្នុងខេត្តបាត់ដំបង បានស្រកអស់ច្រើនហើយ ពលរដ្ឋដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព ក៏ត្រូវបានត្រឡប់ទៅផ្ទះវិញជាបណ្ដើរផងដែរ។ តែទោះយ៉ាងណាអាជ្ញាធរខេត្ត ក៏មិនទាន់លះបង់នូវការខ្វល់ខ្វាយពីពលរដ្ឋរងគ្រោះទាំងអស់នោះ ដូច្នេះហើយទើបអាជ្ញាធរយកចិត្តទុកដាក់ ក្នុងការថែទាំងសុខភាពរបស់ពួកគាត់ តាមរយៈការផ្ដល់នូវថ្នាំពេទ្យចម្រុះនិងទឹកស្អាត ថ្នាំសង្កូវផ្សេងៗ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមរួចរាល់ដែរ នូវការចែកពូជស្រូវ ពូជបន្លែ និងកូនត្រីជាដើម ដើម្បីផ្ដល់ដល់ពលរដ្ឋ ក្នុងការស្ដារជីវភាពគ្រួសារឡើងវិញ៕ដោយ៖អ៊ុងសារុំ