បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងមោងឬស្ទឹងដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី គួរពិនិត្យលទ្ធភាពទឹកឲ្យបានច្បាស់លាស់សិន មុននឹងចាប់ផ្ដើមធ្វើស្រូវបង្កើនរដូវ បន្ទាប់ពីទឹកជំនន់ស្រក ព្រោះអាងទឹកទំនប់បាសាក់ ដែលជាប្រភពខាងលើ មានទឹកត្រឹមបាតអាង។
អាងទឹកទំនប់បាសាក់នៅសល់ទឹកមិនពេញអាងដូចប្រព័ន្ធធារាសាស្ត្រដទៃក្នុងខេត្តបាត់ដំបង ព្រោះកាលពីសប្ដាហ៍ទី២នៃខែតុលាឆ្នាំ២០២០ ជំនន់ទឹកភ្លៀងដែលមានកម្លាំងខ្លាំង បានហូរបុកទំនប់ទឹកមួយនេះបាក់ដាច់ ហើយទឹកបានជន់នាចលិចភូមិក ផ្ទះសម្បែង ដំណាំកសិកម្ម រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី អូសបន្លាយជាច្រើនថ្ងៃ បង្កការរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋជាច្រើនពាន់គ្រួសារ ហើយទំនប់នេះ ក្រសួងធនធានទឹកនិងឧតុនិយម កំពុងធ្វើការចាក់ដី ជួសជុលឡើងវិញផងដែរ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងពេលចុះចែកថ្នាំចម្រុះនិងទឹកស្អាតជូនប្រជាពលរដ្ឋនិងពិនិត្យផលប៉ះពាល់ ដោយសារទឹកជំនន់នៅស្រុករុក្ខគិរី កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទឹកជំនន់នៅចុងរដូវវស្សាក្នុងខេត្តបាត់ដំបង បានប៉ះពាល់ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ពិសេសដំណាំស្រូវ ដោយការលិចលង់ពីទឹកជំនន់នេះ ធ្វើឲ្យពលរដ្ឋនៅតាមស្រុកមួយចំនួនមានការភ័យខ្លាចពីទឹកជំនន់ រហូតដល់មានអ្នកខ្លះបង្ហូរទឹកចេញពីស្រែអស់ ហើយបើមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ទេនោះ ស្រូវអាចប្រឈមនឹងស្កក់។មួយវិញទៀត ក៏មានពលរដ្ឋខ្លះគាត់បានបូមទឹកពីស្រះ ដើម្បីចាប់ត្រី ដែលបញ្ហានេះ ក៏ជាកង្វល់មួយរបស់អាជ្ញាធរ ព្រោះខ្លាចគាត់អត់ទឹក សម្រាប់ស្រោចស្រពដំណាំផ្សេងៗឬសម្រាប់ទុកប្រើប្រាស់នៅរដូវប្រាំង។បញ្ហានេះ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះធ្វើការណែនាំពួកគាត់។បញ្ហាមួយទៀតគឺការចាប់ផ្ដើមធ្វើស្រូវបង្កើនរដូវ របស់ពលរដ្ឋ នៅពេលទឹកស្រកទៅវិញ ស្នើសុំពួកគាត់ត្រូវពិនិត្យលទ្ធភាពប្រភពទឹកនៅបែកខាងលើ ពិសេសអ្នកនៅតាមបណ្ដោយស្ទឹងមោង ព្រោះទឹកនៅទំនប់បាសាក់នៅសល់ត្រឹមបាតអាង ត្រូវមើលថាអាចធ្វើស្រែបានឬអាចមានទឹកត្រឹមប្រើប្រាស់នៅរដូវប្រាំង ហើយបង្វែរមកដាំបន្លែនិងចិញ្ចឹមសត្វវិញ ព្រោះពេលធ្វើស្រែទៅគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ ស្រូវរងការខូចខាត កាន់តែធ្វើឲ្យជីវភាពក្នុងគ្រួសារលំបាក។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរតាមបណ្ដាស្រុកជួបបញ្ហាជំនន់ទឹកភ្លៀងនាឆ្នាំ២០២០នេះ ត្រូវធ្វើការវាយតម្លៃ ស្រង់ទិន្នន័យពលរដ្ឋរងការប៉ះពាល់ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការចែកពូជស្រូវ ពូជបន្លែឬកូនត្រី ដើម្បីឲ្យពលរដ្ឋបានស្ដារជីវភាពឡើងវិញ នៅពេលទឹកស្រក។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងអញ្ជើញចុះមកចែកពូជស្រូវ ពូជបន្លែនិងកូនត្រី ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន២គឺស្រុកសង្កែនិងស្រុករុក្ខគិរី ជាជំហ៊ានដំបូង សម្រាប់ខេត្តបាត់ដំបង ៕ដោយ៖អ៊ុងសារុំ