ភ្នំពេញ៖ចៅក្រមជំនុំជម្រះនៃតុលាការកំពូលលោក យូ អ៊ុតដារ៉ា និងតំណាងមហាអយ្យការលោក ជុំ សំបាន នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០នេះ បានសម្រេចបើកសវនាការប្រកាសសាលដីកាលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទឈ្មោះ លៀម ប៊ុនរឿន ភេទប្រុសអាយុ៤០ឆ្នាំ អតីតប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ដែលជាប់ចោទពីបទ.សម្អាតប្រាក់ បទ.រំលោភអំណាច និងបទ. វិតិក្រម។
ការសម្រេចនេះធ្វើឡើងនៅចំពោះមុខជនត្រូវចោទ ក្រោយពីបើកសវនាការសាកសួរដេញដោល លើជនជាប់ចោទចប់សប់គ្រប់រួចមកចៅក្រម សម្រេចបិតសវនាការនិងកំណត់យកថ្ងៃទី២១ខែតុលាឆ្នាំ២០២០កន្លងមក។
សំណុំរឿងនេះកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ លៀម ប៊ុនរឿន អតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារកំណត់រយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ.សម្អាតប្រាក់ បទ.រំលោភអំណាច និងបទ.វិតិក្រម។
សូមជម្រាបថាសាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធណ៍ក៏បានសម្រេចរឹបអូសទ្រព្យសម្បត្តិមួយចំនួនទុកជាទ្រព្យសម្បត្តិរដ្ឋ៖១. អចលនវត្ថុ ដីផ្ទះ មានទីតាំងស្ថិតនៅបុរីប៉េងហួត ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ នៅរាជធានីភ្នំពេញ។២.អចលនវត្ថុ ដីផ្ទះ មានទីតាំងស្ថិតនៅភូមិដូងជ្រុំ ខេត្តពោធិ៍សាត់ ៣.អចលនវត្ថុ ដីផ្ទះ មានទីតាំងស្ថិតនៅភូមិស្ពានថ្ម ខេត្តពោធិ៍សាត់ ។៤.រថយន្តចំនួនពីរគ្រឿង ម៉ាក Lexus 570 ពណ៌មាស ស៊េរីឆ្នាំ២០១០ មួយគ្រឿង។៥.រថយន្តម៉ាក KIA Morning ពណ៌ស សេរីឆ្នាំ២០១២ មួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត។
អតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ឈ្មោះ លៀម ប៊ុនរឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយប្រព្រឹត្តអំពើពុករលួយគប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។
លោក លិ សុខា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសម១ជាបណ្តោះអាសន្ន កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ៕ដោយ៖ឡេង បញ្ញាឬទ្ធិ