ភ្នំពេញ៖ឯកឧត្តម ង្វៀង សួនហ្វុកនាយករដ្ឋមន្ត្រីវៀតណាម បានសរសេរសារលិខិតសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដោយបានសម្តែងនូវការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅ ក្នុងប្រទេសកម្ពុជាដែលបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ផលដំណាំ ទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន។
ក្នុងលិខិតរបស់នាយករដ្ឋមន្ត្រី វៀតណាម បានសម្តែងនូវក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំង នៅ ពេលទទួល បានដំណឹងថា ការអូសអន្លាយនៃភ្លៀងខ្លាំងបានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ ប្រទេស កម្ពុជា រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជន់លិច និងការខូចខាតធ្ងន់ដល់ ទ្រព្យសម្បត្តិ និងអាយុ ជីវិត មនុស្ស មួយចំនួននៅក្នុងប្រទេសកម្ពុជា»។
ជំនួសមុខរដ្ឋាភិបាល និងប្រជាជនវៀតណាម ឯកឧត្តម ង្វៀង សួនហ្វុក បានផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរ និងប្រជាជនបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត។
សូមជម្រាបថាគិតត្រឹមថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ កម្ពុជាមានខេត្តចំនួន២០បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋចំនួន៤៤នាក់បានស្លាប់, ប៉ះពាល់ចំនួនជាង១៤ម៉ឺន៨ពាន់គ្រួសារ, ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួនជាង១ម៉ឺន១ពាន់គ្រួសារ, ប៉ះពាល់ផ្ទះចំនួន១៣ម៉ឺន៤ពាន់ខ្នងនិងខូចខាត៦៣ខ្នង៕ដោយ៖CEN