Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នៅ​ខេត្តសៀមរាប នឹងត្រូវ​សាងសង់ ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ឱ្យបាន​យល់​កាន់តែច្បាស់​អំពី​តម្រូវការ គោលជំហរ និង​គោលការណ៍ នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​គុណភាព​រឹងមាំ ក៏ដូចជា​នីតិវិធី​នៃ​ការផ្គត់ផ្គង់ ការទូទាត់​ថ្លៃ សម្ភារ និង​ការជ្រើសរើស​សម្ភារ​សាងសង់​ប្រកបដោយ​ស្តង់ដារ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោតជាសំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់ពេលវេលា​តាម​ការគ្រោងទុក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​ទទួលបាន​ផ្លូវ​មានគុណ​ភាពស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​ក៏ដូចជា​ឯកជន​ក្តី ត្រូវ​សហការគ្នា​ឱ្យបាន ជិតស្និទ្ធ​ក្នុងទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន​ប្រសិទ្ធភាព​និង​គុណភាព​រឹងមាំ និង​បញ្ចប់ គម្រោង​តាម​ផែនការ ដោយ​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារ និង​ការផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ផងដែរ​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖ ប្រសិនបើ​អង្គភាព​សាងសង់​ណាមួយ​ត្រូវបាន​រកឃើញថា​៖ ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​របស់ខ្លួន មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​សៀវភៅ​បន្ទុក អង្គភាព​នោះ​នឹងមិន​ទទួលបាន​ការទូទាត់​ប្រាក់​ជាដាច់ខាត​។​

​សូម​ញ្ជា​ក់​ជូន​ថា​៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


×