CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបញ្ជ្រាបការផ្សព្វផ្សាយឧត្តមគតិអូឡាំពិក ប្រចាំឆ្នាំ ដែលឲ្យឈ្មោះថា «អប់រំគុណតម្លៃអូឡាំពិក» នៅច្រើនកន្លែង ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅអនុវិទ្យាល័យបណ្តុះវិជ្ជា ស្ថិតនៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា តាមពិតកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នេះ ត្រូវប្រារព្ធធ្វើឡើងនៅដើមឆ្នាំ២០២០ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ទើបកម្មវិធីនេះត្រូវលើកមកធ្វើនៅចុងឆ្នាំ២០២០នេះវិញ ដើម្បីបញ្ជ្រាបឧត្តមគតិអូឡាំពិកជូនទៅដល់ស្រទាប់មហាជន យុវជន និងសង្គមជាតិរបស់ យើង។ កម្មវិធីចលនាអូឡាំពិកនេះ ដែលបានធ្វើរួចហើយនៅខេត្តកំពង់ធំ ហើយគ្រោងនឹងបន្តធ្វើនៅខេត្តព្រះសីហនុ កែប កណ្តាល និងនៅរាជធានីភ្នំពេញ ដោយបង្កើតជាសកម្មភាពលេងកីឡា បញ្ជ្រាបឧត្តមគតិអូឡាំពិក និងការលើកទឹកចិត្ត ដល់មហាជន យុវជន សិស្សានុសិស្ស ឲ្យបានចូលរួមលេងកីឡា ការប្រកួតប្រជែងគ្នា ព្រមទាំងឲ្យពួកគាត់បានស្វែងយល់អំពីរូបសញ្ញាអូឡាំពិក ការរត់ភ្លើងគុបអូឡាំពិកជាដើម។ ទាំងអស់នេះគឺជាការបំពេញតាមគោលការណ៍របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ឧត្តមគតិអូឡាំពិក និងទទួលបានការគាំទ្រចលនាអូឡាំពិកទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានោះ NOCC បានអញ្ជើញកីឡាករអូឡាំពិក ចូលរួមក្នុងកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក»នេះ ហើយក្រៅពីនេះវាគ្មិនសំខាន់ៗ គឺជាអ្នកដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលអូឡាំពិក ដែលនឹងត្រូវបន្តចែករំលែកបទពិសោធន៍ និងនាំឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លេងកីឡាមានចំនួនប្រមាណ២០០នាក់ប៉ុណ្ណោះ ដោយអ្នកចូលរួមទាំងអស់សុទ្ធតែបានបង្ហាញនូវស្នាមញញឹមសប្បាយរីករាយគ្រប់ៗគ្នា។ វាគ្មិនសំខាន់ៗ ដែលបានចូលរួមចែករំលែកបទពិសោធន៍នេះ រួមមាន៖ លោក ញ៉ាន សុខវិសាល បង្ហាញអំពីគោលការណ៍គ្រឹះនៃទស្សនៈវិជ្ជាអូឡាំពិក និងគុណតម្លៃអូឡាំពិក។ លោក ប៊ុយ សុភ័ណ្ឌ បង្ហាញអំពីប្រធានបទ កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងវេជ្ជបណ្ឌិត ហួត ចាន់ធានី បង្ហាញអំពីផ្នែកការបណ្តុះបណ្តាលអប់រំស្តីពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា តាមការគ្រោងទុក NOCC នឹងបន្តធ្វើកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នៅ៤រាជធនី-ខេត្តទៀត ដូចជាខេត្តព្រះសីហនុ ខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលគ្រោងចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ជាបន្តបន្ទាប់ ហើយកម្មវិធីនេះ ក៏បានកំណត់នូវចំនួនអ្នកចូលរួមមិនឲ្យច្រើនពេកដែរ ដោយត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕ដោយ៖បញ្ញាស័ក្តិ




