ភ្នំពេញ៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអរគុណចំពោះប្រទេសអាស៊ានបូក៣ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ដើម្បីវិបុលភាព និងភាពស្អិតរមួតនៃសហគមន៍អាស៊ាននាពេលកន្លងមក។ ការថ្លែងបែបនេះរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាប្រធានប្តូវេនអាស៊ាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កម្ពុជាតែងតែស្វាគមន៍ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែនរបស់ធនធានមនុស្សអាស៊ាននៅក្នុងវិស័យការងារ នាពេលអនាគត។
គួរបញ្ជាក់ថា ជាលទ្ធផល នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី បានអនុម័តលើផែនការការងាររបស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ និងសេចក្តីប្រកាសរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានបូក៣ លើកទី១១ ផងដែរ៕
ដោយ៖CEN