ប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Jimmy បានចែករំលែករឿងរ៉ាវដ៏គួរឲ្យខ្លាចមួយ ដែលបងប្រុសរបស់គាត់ ត្រូវបានបុរសចរិកពាលពីរបីនាក់ ចាក់បណ្តាលឲ្យរងរបួសគួរឲ្យអាសូរ ។ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពេល Jimmy កំពុងអង្គុយរង់ចាំបងប្រុសរបស់គាត់នៅរថយន្តនៅចំណុចភ្លើងស្តុប Kuchai Avenu ។
Jimmy បានសរសេររៀបរាប់អំពីដំណើររឿងរ៉ាវនេះនៅលើគណនីហ្វេសប៊ុករបស់គាត់ យ៉ាងដូច្នេះថា៖
«ដំបូងឡើយ រថយន្ត Proton Saga BLM (WTP 5263) បានបើកបុកក្បាលរថយន្តរបស់ខ្ញុំ ។ ប៉ុន្តែ ជំនួសឲ្យការឈប់ រថយន្តនោះបានបន្តបើកចេញ ។ ហេតុនេះ បងប្រុសរបស់ខ្ញុំក៏បានបើករថយន្តដេញតាម ក្នុងបំណងសួររកហេតុផលជាមួយអ្នកបើកបរនោះ ។ នៅពេលចេញដំណើរបានចម្ងាយ ៤០០ ម៉ែត្រ ដល់ចំណុចភ្លើងស្តុបក្រោមស្ពានអាកាស បងប្រុសរបស់ខ្ញុំក៏ឈប់ និងចុះពិនិត្យមើលរថយន្ត ខណៈអ្នកបើកបរបង្ក ក៏បានឈប់ពិនិត្យមើលរថយន្តរបស់ខ្លួនផងដែរ» ។ ប៉ុន្តែ ពុំបានប៉ុន្មានវិនាទីផង ស្រាប់តែបុរសអ្នកបើកបរនោះ ស្ទុះមកវាយប្រហារបងប្រុសរបស់ខ្ញុំ ប្រដាប់អាវុធនៅដៃគួរឲ្យខ្លាច ។
Jimmy បន្តថា៖ «បងប្រុសរបស់ខ្ញុំបានដួលទៅនឹងចិញ្ចើមផ្លូវ ខណៈគ្នាគ្នារបស់ពួកគេបានចុះពីរថយន្តជាបន្តបន្ទាប់ ក្នុងកាយវិការជក់បារីធ្វើដូចបងធំក្នុងរឿងអីចឹង ។ ទោះយ៉ាងណា បងប្រុសរបស់ខ្ញុំ នៅតែព្យាយាមប្រឈមមុខជាមួយពួកគេ ដើម្បីសួររកហេតុផល ។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបែរជាព្រួតវាយប្រហារមកលបងប្រុសរបស់ខ្ញុំ ដោយពួកគេបានប្រើកាំបិតចាក់ បណ្តាលឲ្យរងរបួសស្រាលច្រើនកន្លែងនៅត្រង់ផ្ទៃមុខ និងរងរបួសធ្ងន់នៅត្រង់ភ្លៅរបស់គាត់» ។
ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេត ដែលបានឃើញព័ត៌មាននេះ មានការស្លុតរន្ធត់ និងអាណិតអាសូរបុរសរងគ្រោះយ៉ាងខ្លាំង និងស្នើសុំប៉ូលីសតាមស្វែងរកពួកបុរសទំនើងទាំងនោះ មកកាត់ទោសឲ្យធ្ងន់ធ្ងរ ពុំនោះសោត ពួកវានឹងនៅតែព្រហើន ដើរបង្ករឿងគេបែបនេះ ៕ ចន្ទី