ប្រទេសវៀតណាមបានដាក់ពង្រាយទាហានរាប់រយនាក់ និងគ្រឿងចក្រជាច្រើនគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះឈ្មោះថា Molave ដែលជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតនៅក្នុងតំបន់ក្នុងប៉ុន្មានទសវត្សរ៍មកនេះ។
រដ្ឋាភិបាលបាននិយាយថា ការបាក់ដីដែលបានវាយប្រហារតំបន់ដាច់ស្រយាលក្នុងខេត្តក Quang Nam កាលពីយប់ថ្ងៃពុធ បានសម្លាប់មនុស្ស ១៣ នាក់ និង ៤០ នាក់ទៀតកំពុងបាត់ខ្លួន ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយអាកាសធាតុអាក្រក់នៅចុងកន្ទុយនៃព្យុះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ្នកនេសាទ ១២ នាក់ បានស្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅពេលដែលពួកគេព្យាយាមត្រឡប់ទៅច្រាំងវិញកាលពី ២ ថ្ងៃមុន។
ដោយឡែក ក្រឡេកមើលស្ថានភាពជំនន់ទឹកភ្លៀងបង្កឡើងដោយព្យុះទី១៨ Molave នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ គឺពិតជាសាហាវគួរឲ្យខ្លាចខ្លាំងណាស់ ដោយទឹកហូរកាត់តាមបណ្តោយផ្លូវមុខផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាបំផុត ដោយនាំមកជាមួយដីភក់ របស់របរ កម្ទេចកម្ទីរមែកឈើ និងសូម្បីមនុស្សផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមខែតុលាមក ប្រទេសវៀតណាមត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយព្យុះភ្លៀងខ្លាំង និងទឹកជំនន់ ដែលបានប៉ះពាល់ដល់ប្រជាជនជាងមួយលាននាក់៕ ដោយ៖ លឹម ហុង