បាត់ដំបង៖ ប្រិយមិត្តមួយចំនួនធំបានជ្រាប និងប្រាកដណាស់ សម្តែងនូវអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងហើយ ក្រោយពីបានដឹងក្មេងប្រុសម្នាក់រៀននៅសាលាបឋមសិក្សាស្វាយស ស្ថិតក្នុងខេត្តបាត់ដំបង មានជីវភាពក្រខ្សត់លំបាកយ៉ាងខ្លាំង ព្រោះត្រូវឪពុកម្តាយរត់ចោល។ ហើយតស៊ូមករៀនពុំមានសម្ភារសិក្សាដូចក្មេងដទៃទេ ដោយអត់មានស្បែកជើងពាក់ សៀវភៅច្រកថង់ អាវក៏ចាស់ទៅហើយ បើខោវិញពាក់ចងខ្សែនឹងចង្កេះ។ ហើយអ្វីដែលខ្លោចចិត្តនោះ គឺរាល់ថ្ងៃហូបតែស្ងោល្ពៅប៉ុណ្ណោះ។ ប៉ុន្តែ ទោះយ៉ាងណា ក្មេងប្រុសដ៏មហាកម្សត់រូបនេះ នៅតែតស៊ូមករៀនជាប្រចាំ ដោយមិនបោះបង់ការសិក្សាចោលនោះឡើយ។
ដោយឃើញពីភាពតស៊ូរបស់ក្មេងប្រុសរូបនោះ អាណិតខ្លាំងពេក លោកស្រី ទ្រី ដាណា ក៏បានឲ្យក្រុមការងាររបស់គាត់ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងព្រមទាំងថវិកាចំនួន ១លានរៀល សម្រាប់ទុកឲ្យប្អូនប្រុសយកទៅប្រើប្រាស់តាមតម្រូវការ។
ចំណែកលោកគ្រូបង្រៀនដ៏មានចិត្តធម៌របស់គេ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Rithydouk ក៏ត្រូវបានអ្នកស្រីទ្រីដាណា ឧបត្ថម្ភនូវថវិកាចំនួន ១០០ ដុល្លារ សម្រាប់ជាការលើកទឹកចិត្តលោកគ្រូ ដែលពុំត្រឹមផ្តល់តែចំណេះប៉ុណ្ណោះទេ តែលោកគ្រូក៏មានចិត្តធម៌ជួយដល់កូនសិស្សដ៏ក្រក្សត់ ទៅតាមលទ្ធភាពដែលលោកគ្រូមាន។ តែទោះយ៉ាងណា លោកគ្រូមានទឹកចិត្តម្នាក់នេះ គាត់បដិសេធទទួលយកជាថវិកាផ្ទាល់ខ្លួនទេ ព្រោះថាទង្វើដែលគាត់បានធ្វើ គឺមិនចង់បានអ្វីមកវិញនោះឡើយ តែគាត់នឹងយកលុយ ១០០ ដុល្លារ នេះ ដើម្បីទិញសម្ភារសិក្សាសម្រាប់កូនសិស្សមានប្រើប្រាស់ឲ្យបានគ្រប់គ្នាផងដែរ។
យ៉ាងណាមិញ ក្រោយឃើញពីទំហំចិត្តរបស់លោកគ្រូធំធេងបែបនេះ អ្នកស្រី ទ្រី ដាណា ក៏បានបន្ថែមថវិកាចំនួន៤០០ដុល្លារទៀត ទុកសម្រាប់ឲ្យលោកគ្រូ ឌុក សុប្ញទ្ធី យកទៅប្រើប្រាស់តាមតម្រូវការរបស់លោកគ្រូ ដើម្បីទិញសម្ភារសិក្សាជូនទៅដល់ក្មេងៗ ដែលរៀននៅសាលាបឋមសិក្សា ស្វាយស ដែលមានទីតាំងស្ថិតនៅ ឃុំតាប៉ុន ភូមិស្វាយស ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងនោះផងដែរ លោកគ្រូ ឌុក សុប្ញទ្ធី ក៏បានថ្លែងអំណរគុណដល់អ្នកស្រី ទ្រី ដាណា យ៉ាងដូច្នេះថា៖ «សូមថ្លែងអំណរគុណ បងស្រី ទ្រីដាណា ម្ចាស់ហាងពេជ្រ និង ម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង NNP ដែលបានឲ្យក្រុមការងារចុះជួយប្អូនប្រុស ឥឡូវនេះ ប្អូនប្រុសទទួលបានហើយតាមរយៈក្រុមការងារបងស្រី ទ្រីដាណា។ ជាចុងក្រោយ ខ្ញុំបាទលោក គ្រូ ឌុក សុប្ញទ្ធី សូមជូនពរបងស្រី ទ្រីដាណា ព្រមទាំងពុក ម៉ែបងប្អូន ដែលបានជួយប្អូនប្រុស ជា សារិទ្ធ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន សុខភាពល្អ»៕ ដោយ៖ លឹម ហុង