ថ្មីៗនេះ មានការលើកឡើងមិនពេញចិត្ត ចំពោះការកំណត់តម្លៃអាហារហាក់ខ្ពស់ 30$ ក្នុង១ថ្ងៃ និងគ្មានការលើកលែង សូម្បីតែអត់ហូប និងអាហារពេលខ្លះហូបអត់កើតទៀត ត្រូវទិញខាងក្រៅ សម្រាប់អ្នកដែលត្រូវបានដាក់អោយចត្តាឡីស័ក ជាពិសេសពលករខ្មែរធ្វើការមកពីក្រៅប្រទេស។ ក្នុងនោះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ San Sek Sokhom បានធ្វើការលើកឡើងក្នុងខ្លឹមសារថា៖ «ខ្ញុំសូមជម្រាបជូន ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តើក្រសួងមានដឹងទេថាការកំណត់ថ្លៃអាហារតំលៃ$30 ដុល្លារ ក្នុងមួយថ្ងៃសម្រាប់ជនជាតិខ្មែរ ដែលត្រូវបានដាក់ឲ្យចត្តាឡីស័កសមរម្យដែរឬទេ?
ខ្ញុំបាទ និង បងប្អូនជនជាតិខ្មែរមួយចំនួនដែលបានធ្វើដំណើរត្រឡប់មកស្រុកវិញ ដែលត្រូវបានដាក់ឲ្យនៅចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
ពួកយើងតម្រូវឲ្យបង់ប្រាក់ $30ដាច់ខាតក្នុងមួយថ្ងៃសម្រាប់អាហារ បើទោះបីជាអត់ញ៉ាំ ឬមានបងប្អូនយកអាហារមកឲ្យ ឬកុម្ម៉ង់អាហារផ្សេងមកពីក្រៅក៏ដោយ។ ខ្ញុំបានភ្ជាប់នូវរូបថតអាហារ និងវិក្កយបត្ររយៈពេល១២ថ្ងៃជាភស្តុតាង។
ខ្មែរយើងបានសុំអត់យកអាហារទេ ព្រោះថ្លៃពេក$30/ថ្ងៃ ហើយអាហារមិនសាកសមនឹងតម្លៃ តែគេបានប្រាប់ថា$30/ថ្ងៃគឺជាការកំណត់របស់ក្រសួង ហើយត្រូវតែបង់ប្រាក់ បើទោះបីជាអត់អត់ញ៉ាំ ឬមានបងប្អូនយកអាហារមកឲ្យ ឬកុម្ម៉ង់អាហារផ្សេងមកពីក្រៅក៏ដោយ។
តម្លៃអាហារត្រូវបានបង់រយៈពេល ១៣ថ្ងៃ សរុប $390 តម្លៃស្នាក់ក្នុងសណ្ឋាគារដែលរៀបចំដោយក្រសួងរយៈពេល ១៤ថ្ងៃ សរុប $490 សរុបចំនួន $880 ក្នុងរយៈពេល១៤ថ្ងៃ ខ្ញុំសូមសរសើរក្រសួង ហើយវាជាយុទ្ធសាស្ត្រដ៏ល្អដែលក្រសួងបានអនុវត្តន៍ ដើម្បីទប់ស្កាត់នឹងកូវីដ១៩ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកពីក្រៅប្រទេសដាក់ឲ្យនៅចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ ប៉ុន្តែហេតុអ្វីសម្រាប់ជនជាតិខ្មែរយើង ត្រូវតម្រូវឲ្យបង់ថ្លៃអាហារដាច់ខាត $30/ថ្ងៃ ឬ $390 សរុបរយៈពេល១៣ថ្ងៃហើយគ្មានករណីលើកលែង បើទោះបីជាអត់ញ៉ាំក៏ដោយ។
អ្នកខ្លះគ្នាមកពីធ្វើការជាកម្មករគេនៅបរទេស សន្សំបានប្រាក់បន្តិចបន្ទួច តែត្រូវយកមកបង់ឲ្យសណ្ឋាគារ $880 ក្នុងរយៈពេល១៤ថ្ងៃ។
សូមអរគុណពីជនជាតិខ្មែរក្រីក្រម្នាក់ទៅធ្វើការនៅស្រុកគេ»។
យ៉ាងណាមិញ ក្រោយឃើញមានការលើកពីបញ្ហាខាងលើនេះ ក៏ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ RiThea Sroeurn ក៏បានបញ្ជាក់ហេតុផលយ៉ាងដូច្នេះថា៖ «មកពីខ្លួនយើងទេ គេមានជម្រើស ឲ្យយើងតើ ចង់ដេកអូតែល ឬ មណ្ឌល -អូតែល ដេកមួយយប់ 100$ -មណ្ឌល ដេកអត់គិតលុយទេបាយ Free 3ពេល
ខ្ញុំដេកនៅមណ្ឌលគ្មានអស់លុយទេ»។
ដោយឡែក ម្ចាស់អត្ថបទដើម ដែលមានឈ្មោះថា Khmer Angkor ក៏បានចេញមកបញ្ជាក់ថា តាមពិតទៅ នេះគឺជាការលើកឡើងយល់ប៉ុណ្ណោះ ដោយស្នើសុំគណនីហ្វេសប៊ុកខាងលើឈ្មោះ San Sek Sokhom លុបអត្ថបទនេះចេញវិញ ហើយសុំចិត្តបងប្អូនឈប់ខមិនទៀតទៅ។
ជាក់ស្តែង គណនី Khmer Angkor ក៏បានបង្ហោះសារសុំទោសក្រសួងសុខាភិបាល ដោយបានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមគោរពជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបកស្រាយ និងធ្វើការអភ័យទោសជាសាធារណៈដល់ក្រសួងសុខាភិបាល សណ្ឋាគារ និងសាធាណជនទាំងអស់ ចំពោះសារដែលខ្ញុំបានបង្ហោះកាលពីថ្ងៃមិញ(ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០) ដែលទាក់ទងទៅលើការចំណាយក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលបានរៀបចំឡើងដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
តាមពិត ក្រសួងបានផ្តល់ជម្រើសដល់ខ្ញុំ ក៏ដូចជាអ្នកដំណើរដែលជាជនជាតិខ្មែរដទៃទៀត ថាតើត្រូវស្នាក់នៅសណ្ឋាគារ ឬ មណ្ឌល(ឥតគិតលុយ)។ ខ្ញុំបានព្រមព្រៀងថាមកស្នាក់នៅសណ្ឋាគារ ដែលរាល់ការចំណាយទាំងអស់គឺស្ថិតនៅលើសាមីខ្លួនផ្ទាល់។ ដោយខ្ញុំផ្ទាល់មិនបានយល់ពីការចំណាយច្បាស់លាស់ ដែលជាមូលហេតុចម្បងធ្វើឲ្យខ្ញុំមានការភាន់ច្រឡំនិងបង្ហោះសាររិះគន់ចំពោះសណ្ឋាគារដោយអចេតនា។ តាមពិតទៅ ខាងសណ្ឋាគារបានរៀបចំការស្នាក់នៅ និងការហូបចុកបានត្រឹមត្រូវទៅតាមការណែរនាំ និងគោលការណ៍ដែលក្រសួងសុខាភិបាល បានដាក់ឲ្យអនុវត្តបានល្អហើយ។
ខ្ញុំសូមថ្លែងអំណរគុណ ដែលក្រសួងសុខាភិបាលកម្ពុជាបានអនុវត្តន៍យ៉ាងល្អចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ ដែលមានការកោតសសើរពីពលរដ្ឋខ្មែរ បណ្តាស្ថាប័ននានា និងពីប្រទេសផ្សេងៗលើពិភពលោក។ ករណីកូវីដ១៩ គឺច្រើនកើតឡើងចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេស ហើយជាកាអនុវត្តន៍ដ៏ល្អដែលតម្រូវអោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបញ្ជៀសការរីករាយដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ ខ្ញុំសូមក្រសួងសុខាភិបាលមេត្តាទទួលនូវការសុំទោស និងអភ័យទោសដល់ខ្ញុំ ចំពោះកំហុសដែលបានកើតឡើងដោយអចេតនា។ ខ្ញុំសូមអរគុណ!»៕ ដោយ៖ លឹម ហុង