ពិតមែនហើយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានមហាជនទាំងនៅក្នុងស្រុក និងក្រៅប្រទេស ចាត់ទុកលោកថាជា «តារាចម្រៀងលំដាប់ពិភពលោក» ព្រោះថាលោកជាតារាចម្រៀងមួយរូបដែលមានទឹកសំឡេងដ៏ពីរោះនិងតុងខ្ពស់ ដែលអាចបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀងទាំងអស់។ បើទោះជាបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្អែកចម្រៀងអស់រយៈពេលជាង២០ឆ្នាំមកនេះក្តី តែលោកនៅតែមានប្រិយភាពខ្លាំងដដែល ដែលគ្មានតារាចម្រៀងស្រករក្រោយរូបណា មានសមត្ថភាពប្រជែងនឹងរូបលោកបាននោះឡើយ ពោលគឺលោកនៅតែរក្សាតំណែងលំដាប់ជួរមុខបំផុតប្រចាំប្រទេសកម្ពុជា ដែលស្ថិតក្នុងដួងចិត្តមហាជនគ្រប់ស្រទាប់។
យ៉ាងណាមិញ ក្រឡេកមកមើលពីជីវិតគ្រួសារវិញ ឃើញថា សព្វថ្ងៃនេះ កំពូលតារាចម្រៀងរូបនេះ បាននិងកំពុងមានជីវិតគ្រួសារប្រកបដោយសុភមង្គលបំផុត ដោយគេពុំដែលលេចឮរឿងរកាំរកូសពីជីវិតគូដូចតារាដទៃនោះទេ និងផ្ទុយមកវិញ ជារឿងៗគេតែងតែឃើញលោក ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមនឹងភរិយាជាទីស្រឡាញ់ បង្ហោះឡើងបណ្តាញសង្គម ដែលទទួលបានការកោតសរសើរមិនពីមាត់។
លោក ព្រាប សុវត្ថិ ត្រូវបានដឹងថាបានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ នៅក្នុងឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញ។ ហើយចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរ ទទួលបានកូនប្រុសធំៗអស់ហើយដែលមានដល់ទៅ៣នាក់ឯណោះ ដែលក្នុងនោះមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ។
ដោយឡែក ថ្មីៗនេះ ភរិយារបស់លោក គឺអ្នកនាង ស្រីមុំ ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង ក្រោយអ្នកនាងបានបង្ហោះវីដេអូអនុស្សារីយ៍ឡើងបង្ហើរបទចម្រៀងមួយបទក្នុងថ្ងៃមង្គលការរបស់ខ្លួន និងភ្ជាប់សារដ៏មានអត្ថន័យយ៉ាងខ្លីថា «ស្រឡាញ់បងដល់ឆ្អឹង ជាពាក្យពិតរបស់អូន»។
យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូ Tik Tok នេះរួច អ្នកលេងហ្វេសប៊ុកមួយចំនួនដែលពុំធ្លាប់បានដឹង បានចូលខមិនកើតសរសើរថា អ្នកនាងពុំត្រឹមស្វីតជាមួយស្វាមីប៉ុណ្ណោះទេ គឺថែមទាំងច្រៀងបានយ៉ាងពិរោះទៀតផង៕ ដោយ៖ លឹម ហុង