បាត់ដំបង ៖ ជនសង្ស័យមិនស្គាល់មុខជាច្រើននាក់ បានប្រើប្រាស់ថ្នាំបំពុលដាក់ក្នុងចំណីអាហារ លួចបោះឲ្យសត្វឆ្កែស៊ី ហើយបានពុលងាប់អស់៣ក្បាល ទើបគេធ្វើសកម្មភាពគាស់ទ្វារផ្ទះ យកម៉ូតូហុងដាមួយគ្រឿងចេញទៅបាត់ដោយសុវត្ថិភាព។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី៦ ភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចឲ្យដឹងបន្តថា តាមការប៉ាន់ស្មាន គឺជនសង្ស័យមានគ្នាប្រមាណជា៣នាក់ មិនស្គាល់សាវតារ បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះរបស់ជនរងគ្រោះឈ្មោះ បានសំណាក់ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅចំណុចខាងលើ ដោយបានយកម៉ូតូ១គ្រឿងម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-8033 ។ ក្រោយពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យគឺបានសង្គេតឃើញថា ជនសង្ស័យបានប្រើប្រាស់ថ្នាំបំពុលដាក់ក្នុងចំណីអាហារ ដែលធ្វើអោយសត្វឆ្កែងាប់៣ក្បាល រួចទើបគេធ្វើសកម្មភាពគាស់ទ្វារផ្ទះយកម៉ូតូចេញទៅដោយសុវត្ថិភាព ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមរកមុខសញ្ញានេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ