Friday, December 1, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែមចំនួន​៦​ចំណុច ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​

spot_img

​ភ្នំពេញ​៖ លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែមចំនួន​៦​ចំណុច ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។​

​កន្លង​ម​មក គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ពិនិត្យឃើញថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ បាន​ចូលរួម​គោរព​អនុវត្ត បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​បាន​កាន់តែ​ល្អ តាមរយៈ​ការផ្សព្វផ្សាយ អប់រំ​ណែនាំ និង​ចាត់វិធានការ​តាម​បទបញ្ញត្តិ​នៃ​ច្បាប់ ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ ក៏​នៅមាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិនទាន់​ចូលរួម​គោរព​អនុវត្ត​បទ​ប្ប​ញ្ញ​តិ្ត​ច្បាប់ និង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ឲ្យ​បាន​ពេញលេញ​និង​ត្រឹមត្រូវ​នៅឡើយ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​ទៀតថា ដើម្បី​ពង្រឹង​ការអនុវត្ត​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្ប​ការ្យ ផ្លូវថ្នល់​ឱ្យបាន​ជាប់​រ៉ឹង​មាំ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១) ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវ​ដឹកជញ្ជូន​ទំនិញ ឬ​ធ្វើការ​ណែនាំ​ឱ្យ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​របស់ខ្លួន ឱ្យ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ តាម​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

២) ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណាមួយ​នៅតែ​បណ្តែត​បណ្តោយឱ្យ​ដឹកជញ្ជូន ឬ​ផ្ទុក​ទម្ងន់​លើសពី​២០​ភាគរយ ប្រធាន​ស្ថានីយ​ជ​ញ្ចឹ​ង​អចល័ត និង​/​ឬ​ប្រធាន​ក្រុម​ជញ្ជីង​ចល័ត ត្រូវ​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ ដូច​មានចែង​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដែល​ក្នុងនោះ​ត្រូវ​៖
​ដក​ប័ណ្ណបើកបរ និង​ព្យួរទុក​ចំនួន ២​ឆ្នាំ​, ឃាត់​យានជំនិះ​ទុក​ចំនួន ១​ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការលើកដាក់​ទំនិញ និង​បង់ថ្លៃ​ឈ្នួល​កន្លែង ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​, ​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន​១​ឆ្នាំ ក្នុងករណី​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទៀត​។​

៣) ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ដែល​រង​នូវ​ការពិន័យ​អន្តរការណ៍​ដូច​មានចែង​ក្នុង​ចំណុច​ទី​២ ខាងលើ​ត្រូវ​សហការ ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ក្នុងការ​លើកដាក់​ទំនិញ​និង​បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​រហូត​មានការ សម្រេច​ជាថ្មី​។​

៤) ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​រង​នូវ​ការពិន័យ​អន្តរការណ៍ និង​ការឃាត់ទុក​យានជំនិះ ដូច​មានចែង​ក្នុង​ចំណុច​ទី​២ ខាងលើ​អាចមាន​សិទ្ធិ​ប្តឹងតវ៉ា ស្របតាម​នីតិវិធី​ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​៤៧ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

៥) ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច (​ស្ថានីយ​ជញ្ជឹង​អចល័ត និង​ជញ្ជីង​ចល័ត​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​) ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក លើស​ទម្ងន់ កម្រិត​កំណត់ ដូច​មានចែង​ក្នុង​ចំណុច​ទី​២ ខាងលើ​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ស៊ីវិល និង​អនុក្រឹត្យ​លេខ ១០ អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​១៩៩៧ ស្តីពី​នីតិវិធី​នៃ​ការអនុវត្ត​វិន័យ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល ឬ​ករណី​ធ្វើឱ្យ​ផ្លូវថ្នល់ ស្ពាន សំណង់​សិល្ប​ការ្យ ផ្លូវថ្នល់​ខូចខាត​ធ្ងន់ធ្ងរ ត្រូវ​ផ្តន្ទាទោស​ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី​២ មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

៦) សេចក្តី​ជូន​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​តទៅ​។ ដោយឡែក​ចំពោះ​លិខិត​លេខ ២៨៣៩ សក​/​តតល​ទ ចុះ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ត្រូវអស់​សុពលភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×