ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បានដឹកនាំអាជ្ញាធរ និងកម្លាំងចម្រុះចុះធ្វើសកម្មភាពលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ និងផ្លូវសាធារណៈ នៅក្នុងបុរីវីអាយភី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានី ក្រោយពីទឹកជំនន់បានស្រកអស់ពីលំនៅដ្ឋានពួកគាត់។
លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ៖ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោហ៊ុន សែន គឺឱ្យអាជ្ញាធររាជធានី ខេត្តដែលទទួលរងការលិចលង់ដោយទឹកជំនន់ ប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋ ចេញពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាព ជាបន្ទាន់ជាមួយនឹងការឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរ និងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋ ទាំងការលាងសម្អាតលំនៅដ្ឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ” នាព្រឹកថ្ងៃនេះ ខ្ញុំបានដឹកនាំមន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងការជន់លិចពីជំនន់ស្ទឹងព្រែកត្នោត កាលពីពាក់កណ្ដាលខែតុលាមកម្លេះ។ ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្ដ្រីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋ”៕
ដោយ៖បញ្ញាស័ក្តិ