សៀមរាប៖កាលពីពេលថ្មីៗនេះ រឿងរ៉ាវមួយបានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានដឹងថា ស្ត្រីម្នាក់ព្រោះតែងប់ងល់នឹងល្បែង បានសម្រេចចុះចោលផ្ទះរហូតជិត១ខែ ដោយទុកកូនៗចំនួន៥នាក់ឲ្យប្តីមើល។
រឿងរ៉ាវដ៏ហួសចិត្តនេះ បានកើតឡើងក្រោយបុរសជាប្តី បាននាំកូនប្រុសម្នាក់ ជិះម៉ូតូតាមស្វែងរក និងទីបំផុតរកឃើញកំពូលប្រពន្ធរបស់ខ្លួន កំពុងសម្ងំលេងល្បែង នៅក្នុងផ្ទះបនល្បែងដុសស្លែមួយកន្លែង ស្ថិតនៅក្នុងភូមិករក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
អ្វីដែលនឹកស្មានមិនដល់នោះ គឺខណៈបុរសជាប្តីដ៏កម្សត់ បានស្រែកឡាំប៉ាខ្លាំងៗឲ្យប្រពន្ធខ្លួនចេញមកក្រៅ ធ្វើឲ្យផ្អើលឆោឡោបែកវង់ល្បែង ស្រាប់តែគេឃើញពួកអ្នកញៀនល្បែង ជាពិសេសស្រីៗ បានចេញជាបន្តបន្ទាប់យ៉ាងច្រើនតែម្តង។
បើតាមអ្នកជិតខាង បានប្រាប់សារព័ត៌មានឲ្យដឹងថា ផ្ទះបនល្បែងនេះ គឺបើកលេងចាក់លុយធំៗណាស់ ដោយគ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានមកក្បែរ ដើម្បីបិទនោះឡើយ ដែលប្រហែលជាមានខ្នងកាងធំ ទើបបានជាល្បែងដ៏ដុះស្លែនេះបន្តកើតមានឡើងរហូតមកទល់ពេលនេះ។ ហើយអ្វីដែលគួរឲ្យអស់ចិត្តទៀតនោះ គឺអាជ្ញាធរមូលដ្ឋានចុះមកបានប្រាប់ថា គ្មានការបើកលេងល្បែងនៅទីនេះទេ ហើយថែមទាំងមិនឲ្យអ្នកសារព័ត៌មានឡាយផ្តិតយករូបភាពទីតាំងល្បែងខុសច្បាប់នេះទៀតផង៕ ដោយ៖ លឹម ហុង