ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ខណៈក្នុងឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ដែលមានសរុបចំនួន ២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២.៨០០ដុល្លាអាមេរិក ដែលទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។
កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០ ដោយមានការចូលរួមពីតំណាងនៃក្រសួង ស្ថាប័ន ចំនួន ១៤ ដែលជាសមាជិកនៃ គ.ក.ប. និងលេខាធិការដ្ឋាន គ.ក.ប.។
ឯកឧត្តមប្រធានអង្គប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃ គ.ក.ប. ក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើន ក្នុងឆ្នាំ២០១៩និង២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ ៣-ការងារកសាងច្បាប់និងបទប្បញ្ញត្តិ ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ ៥-ការងារអនុវត្តគម្រោងក្រោមជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈនិងការផ្សព្វផ្សាយច្បាប់ និង ៧-ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ដែលមានសរុបចំនួន ២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២.៨០០ដុល្លាអាមេរិក ដែលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា និងជាពិសេសតាមរយៈការរៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការការងារកម្មសិទ្ធិបញ្ញា៣ឆ្នាំ (២០២១-២០២៣) និងផែនការយុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៦ផងដែរ សំដៅអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិឱ្យកាន់តែរឹងមាំ និងស្របតាមស្តង់ដារកម្មសិទ្ធិបញ្ញាអន្តរជាតិ ដើម្បីកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកល សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕ដោយ៖បញ្ញាស័ក្តិ