បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ប្រធានកិត្តិយស ក្រុមអ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារ រួមទាំងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់ពលរដ្ឋបានរងគ្រោះដោយទឹកជំនន់ចំនួនជាង ១៥០០គ្រួសារនៅខេត្តបាត់ដំបង រូមមាននៅក្រុងបាត់ដំបង ចំនួន ៥០០គ្រួសារ ស្រុកកំរៀងចំនួន ៤០០គ្រួសារ ស្រុកភ្នំព្រឹកចំនួន ៣០០គ្រួសារនិងស្រុកសំពៅលូនចំនួន ៣០០គ្រួសារ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ក្នុងចំណោមពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង ចំនួនជាង ៧ ២០០០គ្រួសារនៅឆ្នាំ២០២០ ក្នុងនោះមានក្រុងបាត់ដំបង ត្រូវបានទឹកលិចផ្ទះចំនួន ៤ ៩២៦គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៩១គ្រួសារ។រងផលប៉ះពាល់ដំណាំស្រូវចំនួន២៦៣២ហិកតា ខូចខាតអស់ចំនួន១៥៤៧ហិកតា។ដើម្បីឆ្លយតបនឹងគ្រោះមហន្តរាយនេះ ពលរដ្ឋ បានទទួលនូវអំណោយឧបត្ថម្ភជាបន្តបន្ទាប់ ពីសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីសម្ដេចក្រឡាហោម ពីឯកឧត្តម ងិន ឃន អ្នកដំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមទាំងមន្ត្រីរាជការ និងសប្បុសជនជាច្រើនទៀត។
ការលើកឡើងបែបនេះ ក្នុងឱកាសចុះចែកអំណោយពលរដ្ឋក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ទោះបីអំណោយនាពេលនេះមិនច្រើន សម្រាប់ពលរដ្ឋអាចផ្គត់ផ្គងគ្រួសារបានយូរអង្វែង ប៉ុន្តែអាចជួយសម្រួលដល់ជីវភាពពលរដ្ឋបានមួយរយៈខ្លី ក្នុងគ្រាដែលកំពុងលំបាកខ្លាំង ហើយបន្ទាប់ពីនេះទៅ ពលរដ្ឋអាចបន្តខិតខំប្រកបរបបតាមធម្មតា ដូចពេលមុនទឹកជំនន់វិញ ដើម្បីដោះស្រាយជីវភាព។
ឯកឧត្តម ស សុខា បានបញ្ជាក់ថានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកម្ដាយមនុស្សធម៌ នឹងបន្តចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ទឹកបរិសុទ្ធ ថវិកានិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដល់ពលរដ្ឋនៅស្រុកឯកភ្នំចំនួន ២០០០គ្រួសារនិងនៅស្រុកបវេលចំនួន ១០០០គ្រួសារ បន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរនៃខេត្តបាត់ដំបង បានចុះចែកអំណោយពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានចំនួន ៦៦ ៧០៩គ្រួសារ ផងដែរ ៕ដោយ៖អ៊ុងសារុំ