នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកស្រី Julie Le Saos ទីប្រឹក្សាទទួលបន្ទុកតំបន់អាមេរិក អាស៊ី និងអូសេអានី របស់ប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម Emmanuel Macron។
ការពិភាក្សាបានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង និងការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល «One Health Summit» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា នៅទីក្រុងលីយ៉ុង។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានដើម្បីជម្រាបជូនលោកស្រី Julie Le Saos អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងបានអរគុណប្រទេសបារាំងដែលបានបង្ហាញជំហរឥតងាករេសម្រាប់ការដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


