ភ្នំពេញ៖ បើនិយាយពីតារាសម្តែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា នោះប្រាកដជាមហាជន និងអ្នកគាំទ្រជាច្រើន បានស្គាល់ហើយថា ដែលអ្នកទាំងពីរគឺជាប្តីប្រពន្ធដ៏គំរូមួយ ដែលតែងបង្ហាញភាពភាពផ្អែមល្ហែមជាមួយគ្នា ផ្តល់ពេលវេលាសម្រាប់គ្នា និងមើលថែគ្នាសឹងតែគ្រប់ពេលវេលាតែម្តង។
មិនតែប៉ុណ្ណោះ ក្រោយមានកូនស្រីម្នាក់គួរឲ្យក្នាញ់ ដែលជាចំណងដៃដ៏ធំ សម្រាប់ជីវិតក្រោយរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ៤ឆ្នាំមកនេះ ឃើញថាជីវិតគ្រួសាររបស់អ្នកទាំងពីរ រឹតតែរឹងមាំ និងផ្អែមល្ហែមលើសដើមគួរឲ្យកោតសរសើរជាខ្លាំង។
ដោយឡែកថ្មីៗនេះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ គេបានឃើញអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានបង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្តដ៏ល្បី 3Fun បានទម្លាយចេញជីវិតគ្រួសារទម្រាំកសាងមានក្ដីសុខមកទល់នឹងពេលនេះ គឺអ្នកទាំងពីរបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ ហើយថែមទាំងធ្លាប់បានចែកផ្លូវគ្នាអស់ជាច្រើនដង ពេលដែលអ្នកទាំងពីរនៅជាសង្សារនឹងគ្នា។
តែយ៉ាងណា អ្វីដែលលោក គឹម សីហា បានព្យាយាមកែខ្លួន និងខិតខំធ្វើជាប្តីដ៏ល្អ មិនឲ្យភរិយារងភាពឈឺចាប់ទៀតហើយ។ ជាក់ស្តែង លោក គឹម សីហា និយាយពាក្យពិតចេញពីបេះដូងជាច្រើនម៉ាត់ និងទង្វើដ៏ប្រពៃរបស់ខ្លួន ទៅកាន់អ្នកនាង គង់ ចាន់ស្រីមុំ និងនៅចំពោះមុខមហាជនកំពុងទស្សនាយ៉ាងដូច្នេះថា៖ «សួរថាខ្ញុំចាយលុយទេ? ខ្ញុំអត់ចាយលុយទេ ហើយសួរថាអ្នកដែលត្រូវចាយលុយ ខ្ញុំទុកលុយឲ្យគាត់ គាត់ចង់យកទៅធ្វើអ្វីក៏ធ្វើទៅ មានរឿងមួយដែលខ្ញុំធ្វើឲ្យគាត់បានគឺ ក្ដីសុខតែប៉ុណ្ណឹង។ ពេលគាត់ចង់អីធ្វើម៉េចឲ្យគាត់បាន សួរថាខ្ញុំជាកូនអ្នកមាន គឺអត់ទេ តែក្នុងចិត្តសច្ចាថា ឲ្យប្រពន្ធខ្ញុំអស្ចារ្យជាងគេ អ្វីដែលគាត់ត្រូវការមានទាំងអស់ ហើយរាល់ខួបកំណើតខ្ញុំ ខ្ញុំអត់ចង់បានអ្វីនោះទេ ខ្ញុំគ្រាន់តែបួងសួង សុំឲ្យប្រពន្ធខ្ញុំមានមាត់ទិព្វ។ ប្រពន្ធខ្ញុំមាត់ទិព្វ គឺមានន័យថា គាត់ចង់បានអី គាត់និយាយទៅគឺបានហ្នឹង ហើយអ៊ីចឹងរាល់ពេលគាត់និយាយ គឺខ្ញុំធ្វើឲ្យគាត់បាន។»។
យ៉ាងណាមិញ ស្របពេលឮស្វាមីនិយាយពាក្យទាំងនេះ មកកាន់ខ្លួនបែបនេះ នៅពេលនោះ គេក៏បានឃើញអ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញអារម្មណ៍រំជួលចិត្ត អួលដើមកស្ទើរស្រក់ទឹកភ្នែក ព្រោះតែរំភើបចិត្តខ្លាំងពេក៕ ដោយ៖ លឹម ហុង