ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលាមុននឹងបញ្ចប់អាណត្តិ លោកឯកអគ្គរដ្ឋទូត សាធារណរដ្ឋសិង្ហបុរី Michael Tan Keng Soing បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្មនិងការវិនិយោគ នៃប្រទេសទាំងពីរ។
លោកអគ្គរដ្ឋទូតថ្លែងដូច្នេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្នុងជំនួបរវាងលោក អគ្គរដ្ឋទូត និង លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាដើម្បីសម្តែងការគួរសមនិងជម្រាបលា មុនពេលដែលលោកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ ឆ្នាំ នៅកម្ពុជារួចមក។
លោកអគ្គរដ្ឋទូតថ្លែងថា នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។
ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ លោកថា ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោលបំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។
តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែករំលែកព័ត៌មានស្តីពីនិន្នាការនិងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិទាក់ទងនឹងនវានុវត្តន៍នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ម្យ៉ាងទៀតលោក ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរនិងបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា។
លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតសិង្ហបុរី ពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដែលបន្តមានប្រតិបត្តិការជាប្រក្រតី និងបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍកសាងសមត្ថភាពរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ការចែករំលែកបទពិសោធក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា។
លោកទេសាភិបាល បានកោតសរសើរការរួមចំណែករបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាធនាគារកណ្ដាលទាំងពីរ ក្នុងរយៈពេលដែលលោកបានបំពេញបេសកកម្មនៅកម្ពុជា៕ ដោយ ៖ CEN