Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក​បន្ទាយស្រី ៖ ភូមិ​ទី​១១​នៃ​យុទ្ធនាការ​ផ្ទះ​១​អំពូល​១ ពន្លឺ​តូចៗ​ដែល​លេចចេញ​ដោយ​ស្វ័យប្រវត្តិ ក្រោយពេល​ព្រះអាទិត្យ​អស្តង្គត​

​សៀមរាប​៖«​ភូមិ​ទី​១១​នៃ​យុទ្ធនាការ​ផ្ទះ​១​អំពូល​១»៖ ពិតមែនតែ​មិន​ភ្លឺ​ស្មើនឹង​ភ្លើង​បំភ្លឺ​សាធារណៈ តែ​សម្រាប់​ទីជនបទ​ដូចជា​ភូមិ​អូរទទឹង​នេះ ពន្លឺ​តូចៗ​ដែល​លេចចេញ​ដោយ​ស្វ័យប្រវត្តិ​នៅតាម​មុខផ្ទះ​នីមួយៗ​នៅ​រៀងរាល់​ក្រោយពេល​ព្រះអាទិត្យ​អស្តង្គត បានប្រែក្លាយ​ទី​ដែល​ធ្លាប់តែ​ងងឹតសូន្យ​ឈឹង​នាពេល​រាត្រី ឱ្យទៅជា​ភូមិដ្ឋាន​មួយ​ដែលមាន​ពន្លឺ​ពេញ​មួយ​យប់​ទល់​ភ្លឺ​បាន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​ដែល​លោក​បាន​សរសេរ​រៀបរាប់​ពី​យុទ្ធនាការ​នេះ​នៅលើ page facebook ផ្លូវការ​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា​។​

​លោក​ឃឹម ហ្វី​ណង់ បាន​ឲ្យ​ដឹងថា​ប្រយោជន៍​សំខាន់​នៃ​ពន្លឺ​ទាំងនេះ មិនបាន​ផ្តោតទៅលើ​សោភ័ណភាព​នោះទេ បើទោះជា​វា​ពិតជា​បាន​បង្កើត​ភាព​ទាក់ទាញ​ថ្មី​ក៏ដោយ​។ ភាពប្រសើរឡើង​នៃ​សុវត្ថិភាព​នៅក្នុង​ភូមិ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​យប់ ទើប​ជា​គោលដៅ​ពិតប្រាកដ​នៃ​យុទ្ធនាការ​នេះ​។ អ្នកភូមិ​មុនៗ​ធ្លាប់បាន​ប្រៀបធៀប​ប្រាប់​ខ្ញុំ​ពីបទ​ពិសោធន៍​”​មុន​និង​ក្រោយ​”​ពេល​មាន​យុទ្ធនាការ​”​ផ្ទះ​១​អំពូល​១”​ថា​៖ ឥឡូវនេះ ដើរ​ក្នុងភូមិ ឆ្កែ​មិនសូវ​ព្រុស លែងមាន​ចោរលួច​មាន់​លួច​ទា ហើយ​ក្មេងៗ​តូចៗ​ដើរ​មកពី​សាលា​នៅពេល​យប់​ក៏​មិនសូវ​ពិបាក​ដូច​ពីមុន​ដែរ ព្រោះ​ទៅ​ទីណា​ក៏​ភ្លឺ​គ្រប់​ផ្ទះ​។​

​រហូតមកដល់​ពេលនេះ អំពូល​សូ​ឡា​ជិត​៣០០០​អំពូល​ត្រូវបាន​បំពាក់​នៅក្នុង​ស្រុក​បន្ទាយ​ស្រី ហើយ​ដែល​អំពូល​ទាំងអស់នេះ​បានមកពី​ការចូលរួម​ឧបត្ថម្ភ និង​ថវិកា​រៃអង្គាស​ពី​សប្បុរសជន​ទាំងស្រុង តែមាន​ការចូលរួម​បដិភាគ​ថ្លៃ​ដង​ពី​ប្រជាពលរដ្ឋ​។ ក្នុងនោះ មាន​ភូមិ​ចំនួន​១១ ដែល​បាន​បំពាក់​ទាំងស្រុង រឺមួយ​ភាគ​ធំ ជាពិសេស​តំបន់​ដែល​ស្ថិត​នៅជាប់​ផ្លូវ​ដែលមាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន និង​នៅសល់​ភូមិ​ចំនួន​២៥​ទៀត​ដែល​យុទ្ធនាការ​នេះ​មិនទាន់បាន​ទៅដល់​។​

​ល្បឿន​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ​យឺត​ជាង​ផែនការ​គ្រោងទុក ដោយហេតុតែ​រដ្ឋបាល​ស្រុក​បាន​លុបចោល​គម្រោង​រៀបចំ​បុណ្យផ្កា​ទ្រង់ទ្រាយ​ធំ​មួយ​ដោយសារ​ស្ថានភាព​នៃ​កូ​វីដ​១៩ និង​ជៀសវាង​ការ​រៃអង្គាស​ថវិកា​ក្នុង​កាលៈទេសៈ​មិន​អំណោយផល​នៃ​ការ​មាន​ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​។ ទោះជា​យ៉ាងណាក៏ដោយ រដ្ឋបាល​ស្រុក​ក៏​នៅ​បន្ត​ទទួលបាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ស្ម័គ្រ​ចិត្តជា​បន្តបន្ទាប់ ដែល​អនុញ្ញាតឱ្យ​គម្រោង​នេះ​នៅតែ​អាច​បន្ត​និរន្ត​ភាព​របស់ខ្លួន​ជាប់​ជានិច្ច​។​

​ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​៣០០០​គ្រួសារ ដែល​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់​ពី​គម្រោង​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​មាន​អត្ថន័យ​ក្នុង​ការជួយ​ផ្លាស់ប្តូរ​មុខមាត់ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​នៃ​ស្រុក​បន្ទាយស្រី​។ “​សុខចិត្ត​យឺត​បន្តិច​តែ​មិន​បោះបង់​” ហើយ​ក្នុងនាម​អភិបាលស្រុក ខ្ញុំ​ប្តេជ្ញា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​រហូតដល់​គ្រប់​ផ្ទះ​ទាំងអស់​នៅក្នុង​ស្រុក​បន្ទាយស្រី​ត្រូវបាន​បំពាក់​អំពូល​សូ​ឡា​ជូន និង​យុទ្ធនាការ​នេះ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​។ ផ្ទះ​១​អំពូល​១៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×