Tuesday, March 21, 2023

មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បន្តសម្មភាពចុះត្រួតពិនិត្យទំនិញបន្លែ ត្រីសាច់ រកសារធាតុគីមី ហាមឃាត់

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីរដ្ឋបាលខេត្តនេះ បានចុះត្រួតពិនិត្យទំនិញ ឬបន្លែត្រីសាច់ជាដើម នៅតាមទីផ្សារមួយចំនួន ដើម្បីរកសារធាតុគីមី និងទប់ស្កាត់ការលក់មុខម្ហូបអាហារខូចគុណភាពនាឱកាសពិធីថ្ងៃបុណ្យប្រពៃណីចូលឆ្នាំចិន។

អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក គឹម វិដាល បានអោយដឹងថា សកម្មភាពដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពបន្លែត្រីសាច់ និងម្ហូបអាហារ ដែលអាជីវករ បានដាក់លក់នៅតាមតូបឬស្តង់មួយចំនួន នៅផ្សារលើ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

លោកថា ចំពោះម្ហូបអាហារសមុទ្រតាមរយៈការធ្វើតេស្តបឋមនៅនឹងកន្លែងតូបលក់ដូរក្នុងផ្សារលើ គឺមន្ត្រីជំនាញរកមិនឃើញសារធាតុគីមីហាមឃាត់នោះទេ។ លោកបន្តថា ចំពោះបន្លែផ្លែឈើផ្សេងៗ មន្ត្រីកាំកុងត្រូល បានយកគំរូ ឬមុខបន្លែផ្លែឈើមួយចំនួន ពីស្តង់ ឬតូបលក់ដូរ ក្នុងផ្សារលើ យកទៅកាន់មន្ទីរពិសោធន៍ មានទីតាំងស្ថិតក្នុងបរិវេណ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីពិនិត្យអោយបានត្រឹមត្រូវតាមបច្ចេកទេស។

ប៉ុន្ដែលោកថា លទ្ធផលជាក់ស្តែងមន្ត្រីជំនាញ ក៏រកពុំឃើញបន្លែផ្លែឈើទាំងនោះ មិនមានអាជីវករលួចដាក់សារធាតុសារធាតុគីមីហាមឃាត់នោះទេ។ ត្រង់ចំណុចនេះ លោក គឹម វិដាល អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ យល់ថា បងប្អូនអាជីវករលក់ដូរចំណីអាហារ ឬបន្លែត្រីសាច់ជាដើម នៅផ្សារលើ និងផ្សារផ្សេងៗទៀត នាក្រុងព្រះសីហនុ គឺពួកគាត់ភាគច្រើន មានការយល់ដឹងខ្ពស់អំពីសុវត្ថិភាពចំណីអាហារ និងផលប៉ះពាល់ដល់សុខភាពមនុស្ស ឬសុខភាពអ្នកប្រើប្រាស់ បណ្តាលមកពីសារធាតុគីមី។ យ៉ាងនេះក្តី មន្ត្រីជំនាញ កាំកុងត្រូលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់បងប្អូនអាជីវករអ្នកលក់ដូរចំណីអាហារ ឬទំនិញគ្រប់ប្រភេទ អោយបន្តវប្បធម៌លក់ដូរតែផលិតផលមានគុណភាពល្អ ដោយមិនត្រូវលក់ផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬលួចលាយសារធាតុគីមីនៅលើទំនិញ និងចំណីអាហារ បន្លែត្រីសាច់គ្រប់ប្រភេទ ដើម្បីអោយមើលឃើញស្រស់ ឬទុកលក់បានយូរថ្ងៃ ដែលនាំអោយប៉ះពាល់ដល់សុខភាពមនុស្សនោះទេ។

ជាងនេះទៀត លោក គឹម វិដាល អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានសំណូមពរដក់អាជីវករគ្រប់ៗរូប អោយបន្តចូលរួមចំណែកជួយការពារសុខភាព របស់ប្រជាពលរដ្ឋទូទៅផង និងរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរជូនអាជីវករលក់ដូរនៅលើទីផ្សារនានា នៅទូទាំងក្រុងព្រះសីហនុផងដែរ៕ ដែន សីមា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២