Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​សរុប ១០១,៦៧ លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ ថ្លែង​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ជា​លើកដំបូង​នៅ​ថ្នាក់​រាជធានី លោក​បណ្ឌិត សរ ចិ​ត្រា អគ្គលេខាធិការរង និង​ជា​នាយក​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​សរុប ១០១,៦៧​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក​មាន​ចំនួន ៩១,៦៧​លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​១០​លាន​ដុល្លារ​អាមេរិក​។

​នៅ​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា លើកដំបូង​នៅ​ថ្នាក់​រាជធានី​ក្នុង​គោលបំណង​ដើម្បី ផ្សព្វផ្សាយ​ព័ត៌មាន​គម្រោង​ទៅ​សហគមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​ពាណិជ្ជករ​ខ្នាតតូច និង​មធ្យម អ្នកប្រមូល​ទិញ​កសិផល អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នៅក្នុង​តំបន់​គោលដៅ ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការគាំទ្រ​ហិរញ្ញប្បទាន​របស់​គម្រោង​។

​លោក​បណ្ឌិត សរ ចិ​ត្រា បាន​បន្តថា ថវិកា​ទាំងនេះ នឹង​ប្រើប្រាស់​ដើម្បី​អនុវត្ត​គម្រោង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១៣ រាជធានី ខេត្ត រួមមាន​៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និង​កណ្តាល និង​រាជធានី​ភ្នំពេញ​។ លោក​បណ្ឌិត សរ ចិ​ត្រា បាន​បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ស្ថាប័ន​ដឹកនាំ​គម្រោង និង​សម្របសម្រួល​ការអនុវត្ត ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​ស្ថាប័ន​អនុវត្ត​គម្រោង​។

លោក​បណ្ឌិត​នាយក​គម្រោង​ក៏បាន​គូសបញ្ជាក់​នៅក្នុង​សន្ទរកថា​របស់លោក​ប​ន្ថែ​ម​ថា អង្គការ​សកម្មភាព​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (ARD) និង​ក្រុមហ៊ុន SBK ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជ្រើសរើស​ជា​ស្ថាប័ន​ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស (Technical Service Provider-TSP) ដើម្បី​គាំទ្រ​ការរៀបចំ​សំណើ​ពិពិធ​កម្ម​កសិកម្ម និង​ផែនការអាជីវកម្ម​រប​ស់​សហគមន៍​កសិកម្ម និង​ក​សិ​ពាណិជ្ជករ​ខ្នាតតូច និង​មធ្យម​មាននៅ​៥​ខេត្ត​គោលដៅ​របស់​ARD រួមមាន​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ ក្នុងចំណោម​គោលដៅ​រាជធានី​ខេត្ត​គោលដៅ​ទាំង​១៣​ខេត្ត រូ​ម​មាន ខេត្តបាត់ដំបង សៀមរាប ព្រះ​វិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​នៅ​ថ្នាក់​រាជធានី​នេះ គឺជា​ការជូនដំណឹង​ដល់​សហគមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​ពាណិជ្ជករ​ខ្នាតតូច​និង​មធ្យម ហើយ​បន្ទាប់ពី​សិក្ខាសាលា​នេះ​ផងដែរ ក្រុមការងារ​គម្រោង​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ​សកម្មភាព​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (ARD) ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​គម្រោង​នេះ​នៅតាម​បណ្តា​ឃុំ​/​សង្កាត់ និង​ស្រុក​/​ខណ្ឌ​នៃ​ខេត្ត​រាជធានី​បន្ថែមទៀត​។ គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចាប់ផ្តើម​និង​បន្ត​អនុវត្តន៍​សកម្មភាពរ​បស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០១៩​រហូតដល់​ឆ្នាំ​២០២៥៕ CEN

×