Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ថ្ងៃទី​១៦ ខែវិច្ឆិកា​ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន​

​សៀមរាប​៖ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ។​

​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​រៀបចំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ទទួលបន្ទុក​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។
​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកជំទាវ ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​ពិជ័យ​សេនា បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​សមាជិក​សមាជិកា​នៃ​គណៈកម្មការ​អន្តរក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្ដល់​មតិយោបល់​ទាក់ទង​នឹង​ការសិក្សា​ប្លង់​ស្ថាបត្យកម្ម​លម្អិត​នៃ ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ ក៏ដូចជា​ការត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ ដោយបាន​គូសបញ្ជាក់ថា​៖ ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ពិនិត្យ​សិក្សា​លម្អិត​លក្ខណៈ​បច្ចេកទេស​ផ្លូវ​ដែល​ត្រូវ​សាងសង់ បាន​ពិនិត្យ​ជ្រើសរើស​រួចរាល់​ខ្សែ​ផ្លូវ​អាទិភាព​ដែល​ត្រូវ​សាងសង់​ប្រវែង​សរុប​ចំនួន​១០៨​គីឡូម៉ែត្រ បាន​ពិភាក្សា​លម្អិត​លើ​ការងារ​បច្ចេកទេស​ជាមួយ​អង្គភាព​ទទួល​សាងសង់ បាន​តម្រូវឱ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ បច្ចេកទេស បានធ្វើ​បញ្ជី​ប៉ាន់​តម្លៃ​ចប់សព្វគ្រប់ និង​បាន​ប្រគល់ជូន​អង្គភាព​សាងសង់​រួចរាល់​ហើយ​ផងដែរ​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា​៖ អង្គភាព​ដែល​ទទួលយក​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​រួមមាន​៖ កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប កងវិស្វកម្ម​១០៨ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អគ្គនាយកដ្ឋាន​សាធារណការ នាយកដ្ឋាន​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ ក្នុងនោះ​៖ ប្រភេទ​ទីមួយ​ចាក់​បេតុង​ចំនួន​២៥​សង់ទីម៉ែត្រ​ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC)​ពីលើ​ទេ ប្រភេទ​ទី​ពីរ​ចាក់​បេតុង​ចំនួន​២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​៧​សង់​ទី ម៉ែត្រ​យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន ប្រភេទ​ទី​បី​ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង​ប្រភេទ​ទី​បួន អ៊ុត​កៅស៊ូ​បេតុង​១៥​សង់ទីម៉ែត្រ​ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ថា​៖ យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល គណៈកម្មការ​អន្តរក្រសួង​មាន​សិទ្ធិ​បង្កើត​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​ដំណើរការ​របស់ខ្លួន​យោងតាម​ការចាំបាច់ ក្រៅពីនេះ​នឹងមាន​ក្រុមការងារ​បច្ចេកទេស​ចំនួន​៨​កង​ទៀត​ប្រចាំការ​នៅ​ខេត្តសៀមរាប ដើម្បី​តាមដាន និង​ធ្វើ​របាយការណ៍​អំពី​ដំណើរការ​សាងសង់ ថា​តើ​បាន​អនុវត្ត​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ដែរ​ឬ​យ៉ាងណា ក្នុងករណី​អង្គភាព​សាងសង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស នោះ​នឹងមិន​ត្រូវបាន​ទូទាត់​ប្រាក់​ជូន​ឡើយ​។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អង្គប្រជុំ​ទាំងមូល ជាពិសេស​កងវិស្វកម្ម ក៏ដូចជា​អង្គភាព​ទទួល​ម៉ៅការ​សាងសង់​ទាំងអស់​មេត្តា​ប្រមូលផ្ដុំ​កម្លាំង ឆន្ទៈ និង​ស្មារតី​ឲ្យ​បាន ច្រើន​បន្ថែមទៀត​តាម​ការចង្អុលបង្ហាញ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប និង​បាន​ស្នើសុំ​ការគាំទ្រ និង​កិច្ចសហការ​ល្អ​ពី​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​គម្រោង​នេះ​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​
​ជាទី​បញ្ចប់ សម្ដេច​សេនា​ពិជ័យ បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​អន្តរក្រសួង​ដែល​បានផ្តល់​ធាតុ​ចូល​បន្ថែម ក៏ដូចជា​បាន​បំពេញ​កិច្ចការ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​គោលបំណង​ប្រែក្លាយ​ខេត្ត​វប្បធម៌​មួយ​នេះ​ឱ្យមាន​ភាពទាន់សម័យ អាច​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ការងារ​ធ្វើ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

  

×