កំពង់ឆ្នាំង៖ គ្រឿងចក្រនិងរថយន្តជាច្រើនគ្រឿង ដែលត្រូវបានកម្លាំងចម្រុះរបស់ខេត្តចុះទៅឃាត់ទុក ក្នុងបទល្មើសជីកកាយដីក្នុងតំបន់ហាមឃាត់ និង គ្មានលិខិតអនុញ្ញាតនោះ ត្រូវបានគេដោះលែងទៅវិញស្ងាត់ៗអស់ហើយកាលពីយប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ ។
ការដោះលែងគ្រឿងចក្រនិងរថយន្តប្រព្រឹតល្មើសទាំងយប់ ដោយមិនបន្តនិតិវីធីបែបនេះត្រូវបានមជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដាក់ការសង្ស័យថា ជាការត្រូវដងត្រូវផ្លែគ្នាក្រោយពីទទួលបានទឹកតែទឹកស្ករពីម្ចាស់គ្រឿងចក្រទាំងនោះ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាព ជីកកកាយដី នៅក្នុងតំបន់ហាមឃាត់ និងគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន ៖ រថយន្តដឹកដីចំណុះ ១៣មែត្រគូប ចំនួន៨ គ្រឿង ,អាប៊ុល ១គ្រឿង ,អាអ៊ិច ៣គ្រឿង និង រថយន្តដឹកទឹក ១គ្រឿងផងដែរ។
មន្ត្រីសាលាខេត្តកំពង់ឆ្នាំងមួយរូបបានអោយដឹងថា ការដោះលែងគ្រឿងចក្រ និង រថយន្តទាំងនេះ មិនបានធ្វើការផាកពិន័យ ឬ តម្រូវអោយម្ចាស់បង់លុយអ្វីឡើយ ដោយគ្រាន់តែធ្វើការអប់រំនិងធ្វើកិច្ចសន្យាបជ្ឈប់មិនអោយធ្វើសកម្មភាពតទៅទៀតតែប៉ុណ្ណោះ ៕ ដោយ ៖ ចៅសន