ប្រិយមិត្តជាច្រើនជឿជាក់ថាបានទទួលជ្រាបរួចហើយ ប្រហែល១ខែមុននេះ បុរសអាយុ ៧៨ ឆ្នាំ ម្នាក់ បានរៀបការនឹងប្រពន្ធក្មេងអាយុ ១៧ ឆ្នាំ នៅក្នុងទីក្រុង Subang ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែអាយុអ្នកទាំងពីរខុសគ្នាឆ្ងាយ ពោលគឺប្រៀបដូចតា និងចៅអ៊ីចឹង ហើយបើថ្លៃបណ្ណាការវិញដឹក២ឡាន។ តែទោះយ៉ាណា ទើបតែរៀបការបាន ២២ ថ្ងៃ ប៉ុណ្ណោះ អ្នកទាំងពីរក៏ឈានដល់ការបែកបាក់គ្នា ដែលត្រូវបានធ្វើឡើងកាលពីទី៣០ ខែតុលា ឆ្នាំ២០២០ សប្តាហ៍មុននេះ។
នេះបើតាមកាសែត Harian Metro បានឱ្យដឹងថា គូស្នេហ៍គូនេះបានបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ២២ ថ្ងៃ របស់ពួកគេ បន្ទាប់ពីលោក Abah Sarna បានផ្ញើលិខិតលែងលះគ្នាទៅប្រពន្ធរបស់គាត់គឺនាង Noni Navita។
ជុំវិញបញ្ហាលែងលះនេះផងដែរ បងស្រី Noni ដែលមានឈ្មោះ lyan អាយុ ២៩ ឆ្នាំ បានប្រាប់ឲ្យដឹងថា គ្រួសាររបស់នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងដំណឹងនេះ ព្រោះវាកើតឡើងភ្លាមៗដោយគ្មានសញ្ញានៃបញ្ហាណាមួយនៅក្នុងទំនាក់ទំនងរវាងប្អូនស្រីរបស់នាង និងលោក Abah Sarna។
នាង lyan បន្តថា៖ «ខ្ញុំពិតជាតក់ស្លុតណាស់ ព្រោះមិនមាន “ខ្យល់និងព្យុះ” កើតឡើង ហើយវាបានក្លាយទៅជាបែបនេះ ព្រោះថា គ្រួសាររបស់យើងមិនមានបញ្ហាជាមួយ Abah Sarna សោះឡើយ។ ទោះយ៉ាងណា បញ្ហានេះអាចបង្កឡើងពីលោក Abah Sarna និងក្រុមគ្រួសាររបស់គាត់ ដែលហាក់ដូចជាមានការជំទាស់នឹងអាពាហ៍ពិពាហ៍នេះ»។
នាង lyan បន្ទាប់មកក៏បាននិយាយថា សកម្មភាពរបស់ Abah Sarna បានធ្វើឲ្យសេចក្តីថ្លៃថ្នូររបស់គ្រួសារនាងអាប់ឱនមិនស្ទើរនោះទេ។ ជាពិសេស អ្វីដែលបានកើតឡើងនេះ គឺបានធ្វើឲ្យប្អូនស្រីរបស់នាងធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដែលរហូតអត់អាហារពេញមួយថ្ងៃ ពោលគឺក្រោយពីទទួលលិខិតលែងលះដ៏ស្លុតចិត្តនេះ។ តែយ៉ាងណា ស្ថានភាពរបស់នាងពេលនេះ បានប្រសើរវិញហើយ។
ទន្ទឹមនេះផងដែរ Lyan ក៏បានបដិសេធចំពោះការចោទប្រកាន់ថា ការលែងលះនេះបានកើតឡើងដោយសារតែនាង Noni មានផ្ទៃពោះជាមួយប្រុសផ្សេង មុនពេលរៀបការជាមួយ Abah Sarna៕ ដោយ៖ លឹម ហុង