ប្រធានាធិបតីរុស្ស៊ី ពិតជាទប់សំណើចលែងបានក្រោយពេលស្តាប់ឮរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ខ្លួនផ្តើមដំណើរលក់សាច់ជ្រូកទៅឲ្យប្រទេសឥណ្ឌូណេស៊ី ។
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានអស់សំណើចយ៉ាងខ្លាំងគ្រាដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម Alexander Tkachev បានផ្តើមសំណើររៀបចំផែនការនាំចេញសាច់ចេញទៅប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើន និងមួយភាគធំដែលប្រកាន់សាសនាអ៊ីស្លាម និងខ្លះទៀតដែលពុំបរិភោគសាច់ជ្រូក-នេះបើតាម Al Arabiya ចុះផ្សាយព័ត៌មាននៅថ្ងៃទី១៥ ខែ១០។
នៅក្នុងអង្គប្រជុំស្តីពីកាអភិវឌ្ឍវិស័យកសិកម្ម រដ្ឋមន្ត្រី Tkachev បានរំលឹកដល់បទពិសោធន៍របស់អាល្លឺម៉ង់ក្នុងការនាំចេញផលិតផលវិស័យចិញ្ចឹមសត្វ។ លោក Tkachev សង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់ក្នុង១ឆ្នាំៗ បានលក់សាច់ជ្រូកបានជាង៣លានតោន នៅលើទីផ្សាជាអាទិ៍ ជប៉ុន ចិន និងឥណ្ឌូណេស៊ី។
ភ្លាមៗនោះលោកពូទីនសើចញញឹម ហើយរំលឹកថ្នាក់ក្រោមរបស់ខ្លួនថា ៖ “ឥណ្ឌូណេស៊ីជាប្រទេសអ៊ីស្លាមមួយពុំសូវបានអនុញ្ញាតឲ្យបរិភោគសាច់ជ្រូកឡើយ”។
នៅស្ងៀមមួយស្របក់ស្រាប់តែមន្ត្រីកសិកម្មរូបនេះ នៅប្រឹងកែកថា ៖ “ពួកគេនឹងបរិភោគ!” ។ ប្រធានាធិបតីរុស្ស៊ីនិយាយបណ្តើរសើចបណ្តើរ “ទេពួកគេនឹងមិនបរិភោគវាទេ!”។ លោក Tkachev បែរជានិយាយបន្លំថា ខ្លួនច្រឡំប្រទេសកូរ៉េខាងត្បូងនិងឥណ្ឌូណេស៊ី រួចបន្តការសម្តែងមតិ។
ប្រឈមមុខនឹងភាព “រឹងរូស” ពុំព្រមទទួលកំហុសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រធានាធិបតីរុស្ស៊ីហួសចិត្តយកដៃខ្ទប់មុខបន្តអស់សំណើចនៅចំពីមុខកាមេរ៉ាទូរទស្សន៍៕