ភ្នំពេញ៖ រំលឹកដល់ឈ្មោះ អ៊ុំ គន្ធា នោះប្រិយមិត្តមួយចំនួនធំនៅពុំទាន់ភ្លេចទេ ដែលអ្នកនាងគឺជាអតីតតារាចម្រៀងយេៗមួយរូប ដែលមានឈ្មោះបោះសំឡេងមិនធម្មតា កាលពីអំឡុងជាង១០ឆ្នាំមុន តាមរយៈការឡើងបង្ហើរបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ពិសេសជាមួយស្ទាយស្លៀកពាក់ដ៏សិចស៊ី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនិកជន។
តែគួរឲ្យសោកស្តាយ ស្របពេលមានឈ្មោះល្បីខ្លាំង អ្នកនាង អ៊ុំ គន្ធា ក៏លេចលឺធ្លាក់ខ្លួនឈឺជាមួយជំងឺដ៏កាចសាហាវប្រចាំទសវត្សរ៍ ដែលជាហេតុធ្វើឲ្យអ្នកនាងបាត់មុខពីសិល្បៈ និងព្រាត់ប្រាស់ស្វាមី រហូតយ៉ុងចិត្តដើរផឹកស្រារសាត់វិលវល់ដូចខ្យល់បក់ និងឈានប្រព្រឹត្តគ្រឿងញៀន ក្លាយជាមនុស្សម្នាក់ប៉ោឡែមើលលែងស្គាល់។ ប៉ុន្តែ ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក៏ដូចសប្បុរសជននានាជួយជ្រោមជ្រែង ជីវិតប្រៀបដូចកំពុងរស់នៅក្នុងឋានរករបស់ អ៊ុំ គន្ធា បានត្រូវស្រោចស្រង់ និងទទួលបានការធ្វើនៅក្នុងស្ថានប័នរដ្ឋផងដែរ។
ដោយឡែក ថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍ជាថ្មី ក្រោយពីបានឃើញលោក អឹម ជីវ៉ា កាលពីម្សិលមិញនេះ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបង្ហោះរូបភាព និងវីដេអូសម្ភាសន៍ជុំវិញខ្សែជីវិតអតីតកាល និងបច្ចុប្បន្នរបស់នាង ដោយភ្ជាប់សារដ៏គួរឲ្យអាណិតថា៖ «អាណិតណាស់ ជីវិតដ៏កម្សត់របស់អតីតតារាចម្រៀងដ៏សិចស៊ី អ្នកនាង អុំ គន្ធា បន្ទាប់ពីធ្លាក់ខ្លួនរស់នៅជាមួយជំងឺ១៨ឆ្នាំ»។
ជាមួយទឹកមុខ និងសាច់ឈាមហាក់ស្រស់បោះជាមុន អតីតតារាចម្រៀងរូបនេះ បានប្រាប់ថា ពេលនេះជីវិតរបស់នាងបានរស់ឡើងវិញហើយ លែងដើរផឹកស្រា ប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមទៀតឡើយ ខណៈសព្វថ្ងៃនេះ អ្នកនាងទទួលបានការងារធ្វើនៅក្រសួងប្រឆាំងអំពើពុករលួយ បានប្រាក់ខែរដ្ឋជួយផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ និងក៏ដូចការសិក្សារបស់កូនប្រុស២នាក់ផងដែរ។
ជាមួយគ្នានេះផងដែរ អ្នកនាង អ៊ុំ គន្ធា ក៏បានរៀបរាប់ទាំងអួលដើមកថា ពេលនេះជីវិតរបស់នាងបានប្រសើរដូចខ្មោច៧ថ្ងៃរស់ឡើងវិញអ៊ីចឹង ហើយពេលក្រឡេកទៅមើលផ្លូវធ្លាប់ដើរ គឺពិតជាឈឺចាប់ និងមានវិប្បដិសារីខ្លាំងណាស់ ចំពោះក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិ និងព្រមទាំងបងប្អូនសិល្បករទាំងអស់ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន អតីតតារាចម្រៀង អ៊ុំ គន្ធា បានកំពុងរស់នៅជាមួយបងប្អូន នៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ៖ លឹម ហុង