ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួម “ពិធីសម្ពោធពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ (The 3rd China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ (Hongqiao International Economic Forum)” នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ធ្វើឡើង ក្រោមអធិបតីភាព លោក ហាន ចឹង ឧបនាយករដ្ឋមន្ត្រីចិន (Vice-Premier HAN Zheng) និងថ្លែងសុន្ទរកថាបើកតាមប្រព័ន្ធវីឌីអូដោយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពី នាយកដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី នៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងឱកាសនោះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍ប្រទេសចូលរួមទាំងអស់ ហើយបានប្រកាសពីភាពជោគជ័យរបស់ប្រទេសចិនចំពោះការអនុវត្តនូវវិធានការណ៍ជំរុញពាណិជ្ជកម្ម ជាពិសេសការពង្រីកការនាំចេញ-នាំចូលផលិតផលនិងសេវាកម្មគ្រប់ប្រភេទ ដែលឯកឧត្តមបានលើកឡើងកាលពីឆ្នាំទៅ។
លោក បានជំរុញឲ្យប្រទេសទាំងអស់ ចូលរួមសហការគ្នាប្រយុទ្ធប្រឆាំងនិងដោះស្រាយបញ្ហាប្រឈមរួមនានា តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងគ្នាដោយបើកចំហរ ហើយប្រទេសចិន នឹងចូលរួមយ៉ាងសកម្មបំផុត ដើម្បីជំរុញឲ្យមានអនាគតដ៏ត្រចះត្រចង់មួយសម្រាប់មនុស្សជាតិទាំងមូល ក្នុងគ្រាដែលពិភពលោកជួបនឹងបញ្ហាជំងឺឆ្លងកូវីដ-១៩ នៅឡើយ។
លោកបានលើកឡើងថា៖«នៅក្នុងជំហានបន្ទាប់ ប្រទេសចិន នឹងបន្តប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកចំហរ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា។ យើង នឹងពង្រីកការបើកចំហរគ្រប់ជ្រុងជ្រោយដោយមិនងាករេ និងបើកច្រកដ៏មានប្រសិទ្ធភាពជាច្រើនទៀត»។
លោកបន្តថា៖«ដើម្បីតភ្ជាប់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាចែករំលែកទីផ្សារនិងដោះដូរគ្នានូវប្រភពធនធាននិងផលិតកម្មជាច្រើនមុខ ក្នុងទិសដៅជំរុញទីផ្សារចិនចូលក្នុងទីផ្សារមួយសម្រាប់ពិភពលោក ទីផ្សារមួយសម្រាប់ការចែករំលែកទាំងអស់គ្នា និងជាទីផ្សារមួយដែលងាយស្រួលអាចចូលរួមបានគ្រប់គ្នា។ តាមមធ្យោបាយនេះ យើងអាចនាំយកនូវថាមពលវិជ្ជមានទាំងអស់គ្នា ចូលទៅកាន់សហគមន៍អន្តរជាតិ»។
សូមជម្រាបថា នេះជាលើកទីបីហើយ ដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនដ៏ធំនេះ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជា បានទទួលធ្វើ ជាប្រទេសកិត្តិយស ក្នុងព្រឹត្តិការណ៍នេះ ដោយបានចូលរួមក្នុងកិច្ចប្រជុំនិងវេទិកាសេដ្ឋកិច្ចសំខាន់ៗដឹកនាំក្រុមហ៊ុនឯកជនធំៗចូលរួម និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ផងដែរ។
សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ-១៩ កម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត មិនអាចរៀបចំពន្លាជាតិ និងដឹកនាំគណៈប្រតិភូចូលរួមផ្ទាល់ទេ ចូលរួមតែវិស័យឯកជនដែលមានដៃគូនិងផលិតផលស្រាប់នៅប្រទេសចិន និងតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិនតែប៉ុណ្ណោះ៕
ដោយ៖CEN