ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដង្ហែព្រះរាជដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១នៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា យាងទតក្នុងព្រះរាជពិធីប្រោះព្រំកម្មវិធី បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេ នៅលើពិភពលោក ស្ថិតនៅវាលព្រះមេរុ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។
យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាតក្រហមលាយស បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តទៅនៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ ។ កម្មវិធី បំបែកឯតទគ្គកម្មពិភពលោកនេះ ក្រមាវែងជាងគេនៅលើពិភពលោក គឺជាសក្ខីភាពមួយ ក្នុងចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នាជាមួយគ្នា និងរួមគ្នាទាំងអស់គ្នា ក្នុងស្មារតី ជឿថាខ្មែរធ្វើបាន។
បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះមានគោលដៅ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិតាមរយៈការចូលរួម និងរួមគ្នាបង្កើតស្នាដៃមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដែលប្រជាជាតិខ្មែរទាំងមូលនឹងដឹកនាំ ហើយធ្វើជាម្ចាស់នៃស្នាដៃនេះ។បង្កបរិយាកាស រួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ជាមួយក្រមា ដែលមានភាពសាមញ្ញ និងជិតស្និទ្ធបំផុតក្នុងជីវិតខ្មែរ និងជាអត្តសញ្ញាណជាតិខ្មែរ។ ការចូលរួមជាអ្នកគាំទ្រតាមរយៈការដើរតួនាទីជាអ្នកចូលរួមស្ម័គ្រចិត្ត ក៏ដូចជាអ្នកឧបត្ថម្ភជាមួយការបរិច្ចាគសប្បុរសធម៌។ ទន្ទឹមនេះ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀត ដែលពុំទាន់ទទួលបានព័ត៌មាន ពីយុទ្ធនាការក្រមា ដើម្បីជំរុញឱ្យពួកគេបានចូលរួម។
ការចូលរួមជាអ្នករួម ចំណែកបង្កើត ច្នៃប្រឌិត ឬរៀបចំសកម្មភាពនានា រួមក្នុងស្មារតី “ជឿថា ខ្មែរធ្វើបាន“ និងការដើរតួជាទូតសុឆន្ទៈបន្តទស្សនៈ និងមនោគមន៍វិជ្ជា “ជឿថា ខ្មែរធ្វើបាន“ ដើម្បីកសាងស្នាដៃសមិទ្ធផល និងមោទនភាពជាតិសម្រាប់គ្រួសារ សង្គមនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ក្រមាគឺជាអត្តសញ្ញាណជាតិ ជារបស់ប្រើប្រាស់របស់ប្រជាជនទូទៅដោយមិនប្រកាន់វណ្ណៈ និន្នាការឋានៈ សង្គម និងសាសនាឡើយ ហើយជារឿងរ៉ាវប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។
គោលបំណងនៃការជ្រើសរើសយកក្រមា មកបំបែកកំណត់ ត្រាពិភពលោកព្រោះក្រមាបានបង្ហាញពីការតស៊ូ អំណត់ព្យាយាមរបស់សិប្បករក្នុងការត្បាញក្រមានីមួយៗ ព្រមទាំងការឆ្លុះបញ្ចាំងពីអត្តចរិត ពិតរបស់ប្រជាពលរដ្ឋខ្មែរ។
ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញនូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នាបង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ