Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ចេញប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ការងារ​ថៃ ពាក់ព័ន្ធ​នឹង​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​

​ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​នៃ​លទ្ធផល​កិច្ចប្រជុំ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ឯកឧត្តម Surachai Chaitrakulthong អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ ដែល​ត្រូវបាន​ផ្ទេរសិទ្ធិ​ដោយ​ឯកឧត្ដម Suchart Chomklin រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ រួមទាំង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ តាម​ប្រព័ន្ធ​វីដេអូ​។​

បើតាម សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​៖​ជំនួប​នេះ ដើម្បី​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ការងារ​, កិច្ច​ព្រម ព្រៀង​ស្ដីពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​, ការការពារ​ពលករ​កម្ពុជា និង​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុងអំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​៥-១៩, ការជ្រើសរើស និង​បញ្ជូន​ពលករ​តាម​រដូវ​កាល សម្រាប់​ការងារ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន , និង​ការជ្រើសរើស​និង​បញ្ជូន​ពលករ​តាមរយៈ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ឡើងវិញ​។ ក្នុងឱកាស​កិច្ចប្រជុំ​ខាងលើ ភាគី​ទាំងពីរ បាន​សំដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ ដ៏​ល្អ​នាពេល​កន្លង​មកលើ​ការគ្រប់គ្រង ការពារ និង​អនុគ្រោះ​ដល់​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ នៅ​ប្រទេស​ថៃ​ក្នុងអំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​ជា​លទ្ធផល ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដូចខាងក្រោម​៖

១. បន្ត​កិច្ចសន្យាការងារ​រយៈពេល ២​ឆ្នាំ​បន្ថែមទៀត ចំពោះ​ពលករ​ដែល​បាន​បញ្ជូន​តាមរយៈ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ហើយ​ត្រូវ​បញ្ចប់​កិច្ចសន្យាការងារ​រយៈពេល ៤ ឆ្នាំ ចាប់ពី​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ អាច​គ្រប់គ្រង​បាន ដោយ​ពុំ​ចាំបាច់​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។ បន្ទាប់ពី​បញ្ចប់​កិច្ចសន្យាការងារ​បន្តរ​យៈ​ពេល ២​ឆ្នាំ​រួចហើយ ពលករ​ទាំងនោះ​នឹងត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ដោយ​មិន​អនុញ្ញាតឱ្យ​បន្ត​កិច្ចសន្យា​ទៀតឡើយ​។​

២.​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅធ្វើ​ការ​តាម​រដូវ​កាល​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ភាគី​ទាំងពីរ​រៀបចំ​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​របស់ខ្លួន ដើម្បី​បើក​ច្រកព្រំដែន សម្រាប់​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ដោយ​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

៣.​ផ្តល់​ការបន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) ជូន​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ភាគី​ថៃ​ស្នើសុំ និង​បាន​ត្រៀម​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ខ្លួន​ដើម្បី​ទទួល​មន្ត្រី បច្ចេកទេស​នៃ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ ប្រទេស​ថៃ ដើម្បី​ជួយ​បង្កើនល្បឿន​ក្នុងការ​ផ្តល់​សុពលភាព​ឯកសារ និង​គ្រប់គ្រង​ទិន្នន័យ​ពលករ ដើម្បី​ទទួល​បានការ​គាំពារ​សង្គម និង​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​នៅពេល​បញ្ចប់​កិច្ចសន្យាការងារ​។​

​ភាគី​កម្ពុជា​នឹង​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល​ដើម្បី​បញ្ជូន​ក្រុមការងារ​បច្ចេកទេស នៃ​គណៈកម្មការ ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​រួមមាន ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និង​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ធ្វើការ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ដល់ ពលករ​កម្ពុជា​។​

៤. ពិភាក្សា​បច្ចេកទេស និង​នីតិវិធី​នៃ​ការជ្រើសរើស និង​បញ្ជូន​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុងអំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ អនុលោម​តាម​វិធាន​សុខាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

៥. នឹង​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ភាពមិនប្រក្រតី​នៃ​ការផ្តល់​ភាពស្របច្បាប់​ជូន​ពលករ និង​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ដែន​ទៅធ្វើ​ការខុសច្បាប់​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ក្នុង​លក្ខណៈ​មិត្តភាព សហប្រតិបត្តិការ និង​យោគយល់​គ្នា​ទៅ វិញ​ទៅមក ដោយ​ឈរលើ​អត្ថប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​