អ្នកស្រី Choi Soon-sil ដែលត្រូវជាមិត្តភក្តិស្និទ្ធស្នាលជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវបានតុលាការកូរ៉េខាងត្បូង ប្រកាសសាលក្រមឲ្យជាប់ពន្ធធនាគារ ២០ឆ្នាំ ពីបទពុករលួយ កកូរកកាយ និងប្រើប្រាស់សិទ្ធិអំណាចខុសច្បាប់។
អ្នកស្រី Choi Soon-sil ត្រូវបានគេដឹងថា ជាតួអង្គបង្កឡើងនូវរឿងអាស្រូវដ៏រំជើបរំជួល បណ្តាលឲ្យអ្នកស្រី Park ដែលជាប្រធានាធិបតីស្រីដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ត្រូវលាលែងពីមុខតំណែង និងជាប់ពន្ធធនាគារកាលពីឆ្នាំទៅមិញ។ ក្រៅពីមិត្តភក្តិ អ្នកស្រី Choi នៅបានដើរតួនាទី ជាទីប្រឹក្សាឲ្យអ្នកស្រី Park ក្នុងអំឡុងពេលច្រើនឆ្នាំ។
អ្នកស្រីPark នៅតែបន្តបដិសេធ រាល់បទចោទប្រកាន់ទាំងឡាយក្នុងសវនាការ។ ចំពោះអ្នកស្រី Choi វិញតុលាការកណ្តាលក្រុងសេអ៊ូល ក្រៅពីចេញសាលក្រម ដាក់ពន្ធធនាគារ ២០ឆ្នាំ នៅបានពិន័យឲ្យអ្នកស្រី Choi ត្រូវសងប្រាក់ 18លានវ៉ុន (១៦,៦លានដុល្លារ)។ មុននោះភាគីអយ្យការ បានទាមទារឲ្យអ្នកស្រីចយត្រូវជាប់ពន្ធធនាគារ ២៥ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៦ ។
សាធារណៈជននៅបានដឹងទៀតថា អ្នកស្រី Choi គឺជាស្ត្រី ដែលឈរក្រោយខ្នងអតីតប្រធានាធិបតី Park និងត្រូវបានចោទប្រកាន់ថា ជាអ្នក “កន្ត្រាក់ខ្សែ” បញ្ជាលើអតីតប្រធានាធិបតី កែសម្រួលសុន្ទរកថា និងជះឥទ្ធិពលទៅលើរដ្ឋាភិបាល ទោះបីខ្លួនពុំមានមុខតំណែងផ្លូវការណាមួយនៅក្នុងវិមានប្រធានាធិបតីក៏ដោយ៕ សូយន