មនុស្សយើងម្នាក់ៗកើតមក តែងតែមានវាសនាខុសៗគ្នា ខ្លះកើតមកមានរូបកាយសម្បទាពេញលេញ រីឯអ្នកខ្លះទៀតក៏មានកាយសម្បទាពុំគ្រប់គ្រាន់ ដោយសារតែពិការភាពពីកំណើតជាដើម។ ប៉ុន្តែ ទន្ទឹមនឹងមានកាយសម្បទារឹងមាំ ក៏អ្នកខ្លះរកស៊ីចិញ្ចឹមជីវិតទាំងលំបាក ចុះទម្រាំគ្នាជាអ្នកពិការវិញ តើពួកគេរឹតតែលំបាកប៉ុណ្ណា?។
ជាក់ស្តែង ដូចជាលោកពូម្នាក់នេះ ដែលពិការភ្នែកទាំងសងខាង មិនដឹងថាគាត់លំបាកវេទនាប៉ុណ្ណានោះទេ។ តែយ៉ាងណា គាត់មិនផ្តេកផ្តួលយកភាពពិការនេះទៅសុំទានគេឡើយ និងផ្ទុយទៅវិញ គឺគាត់តស៊ូជំនះ តាមរយៈជម្រើសដ៏ប្រថុយជីវិតនៅលើចុងត្នោត ដើម្បីចិញ្ចឹមគ្រួសារ បើទោះជាលំបាកលំបិនយ៉ាងណាក៏ដោយ។ លោកពូពិការម្នាក់នេះ ត្រូវបានដឹងថា បាននិងកំពុងប្រកបរបរឡើងត្នោត ស្ថិតនៅភូមិត្រពាំងព្រៃ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹង។
ដោយក្តីអាណិតអាសូរជាពន់ពេក និងមើលឃើញពីភាពតស៊ូរបស់គាត់ តារាចិត្តធម៌ទឹកភ្នែក អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានបង្ហោះសារមានបំណងចង់ជួយគាត់ ដោយអ្នកនាងសរសេររៀបរាប់ទាំងរំជួលចិត្តថា៖ «ពុទ្ធោអើយ ពិការភ្នែកសងខាងក្រីក្រខ្លាំង លោកអ៊ុំឡើងត្នោតដើម្បីចិញ្ចឹមក្រពះ ខ្ញុំចង់ជួយគាត់ដើម្បីសម្រួលជីវភាពគាត់ខ្លះ ពិការភ្នែកទាំង២គាត់ឡើងត្នោតយ៉ាងមិចទៅ»។
យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូដែលអ្នកនាងស្រីអូន បានបង្ហោះ ឃើញថាមានបងប្អូនក្នុងបណ្តាញសង្គមយ៉ាងច្រើន បានសម្តែងនូវក្តីអាណិតអាសូរដល់លោកពូខាងលើជាខ្លាំង ដោយពួកគេបានបញ្ចេញអារម្មណ៍ពិតយ៉ាងដូច្នេះថា៖ «ខ្ញុំមើលវីដេអូនេះស្រក់ទឹកភ្នែកមិនដឹងខ្លួនហើយចែ, ជួយគាត់ផងទៅ មានភ្នែកទាំងសងខាងនៅពិបាក ចុះទម្រាំងងឹតទៀត មិនដឹងពិបាកយ៉ាងទេ អាណិតគាត់ណាស់!»។ ហើយទន្ទឹមនឹងក្តីអាណិតអាសូរនេះផងដែរ ក៏មានបងប្អូនមួយចំនួនបានចូលរួមឧបត្ថម្ភជាលុយកាក់បន្តិចបន្តួចផងដែរ៕ ដោយ៖ លឹម ហុង