ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ ពីតារាសម្តែងប្រុសរូបសង្ហា និងក៏ជាពិធីករដ៏មានប្រជាប្រិយ លោក ប៉ែន ចំរ៉ុង។ ហើយក៏ជឿជាក់ថា មហាជនមួយចំនួនក៏ធ្លាប់បានដឹងរួចមកហើយផងដែរ ពីទំនាក់ទំនងរវាងនារីម្នាក់ និងលោក ប៉ែន ចំរ៉ុង កាលពីពេលកន្លងមក ដែលតែងតែបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាប្រៀបដូចគ្រួសារតែមួយអ៊ីចឹង តែក្នុងនាមជាប្អូនស្រីធម៌ប៉ុណ្ណោះ។
ដោយឡែក ថ្មីៗនេះ ប្អូនស្រីធម៌របស់តារាប្រុសរូបនេះដែលមានឈ្មោះថា លីលី ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងបានបង្ហោះសារ និងព្រមទាំងចេញវីដេអូជាបន្តបន្ទាប់ រៀបរាប់ពីភាពឈឺចាប់ខ្លាំងបំផុត និងប្រេះឆាទំនាក់ទំនងចាប់ពីពេលនេះតទៅ គឺលែងមានទំនាក់ទំនងនឹងគ្នាទៀតហើយ។
ជាក់ស្តែង នារីជាប្អូនស្រីធម៌រូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lily Queen បានបង្ហោះសារភ្ជាប់នឹងរូបលោក ប៉ែន ចំរ៉ុង រៀបរាប់ពីការឈឺចាប់បែបនេះថា៖ «គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត ឆ្អែតខ្លាំង, សុំបងៗទាំងអស់គ្នាម្យ៉ាង រាប់អានខ្ញុំហៅខ្ញុំថា លី លីលី អូន បែបណាក៏បានលើកលែងពាក្យថា “ប្អូនស្រី”។ ព្រោះពាក្យហ្នឹងលឺហើយធ្វើឲ្យនឹកឃើញរឿងដែលខ្ញុំកំពុងឈឺចាប់ លឺពាក្យនឹងហើយមានអារម្មណ៍ខ្លាចរអាណាស់”។ “គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត។ ឆ្អែតខ្លាំង”។ “ញុំមិនល្អគ្រប់គ្រាន់នឹងបន្តមិត្តភាពហ្នឹងបានទេ។ យកល្អ យកត្រូវទៅចុះ ខ្ញុំឲ្យ ខ្ញុំអាក្រក់យូរណាស់មកហើយ។ ចាត់ទុកថាកន្លងមកស្គាល់គ្នាដើម្បីលាងកម្មចុះ។ ពីពេលនេះទៅរស់នៅជីវិតរៀងៗខ្លួន។ ជម្រាបលាម្ចាស់កម្មពៀរ»។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមទៀតថា៖ «កាលពីមុនមិនសូវចង់ដឹងរឿងគេទេ គិតថារឿងគេ គេដឹង រឿងយើង យើងដឹង។ ដល់តែមកជួបខ្លួនឯងបានចាប់ផ្តើមទៅមើលរឿងគេពីមុនៗ ព្រះអើយដូចបេះដាក់។ ដូចពាក្យគេថាមែន ស្តាប់គេនិយាយ១០០ដង មិនស្មើនឹងជួបខ្លួនឯងម្តង។ ពេលទឹកដល់ច្រមុះទើបភ្ញាក់ខ្លួនថា គេទុកជាហ្គេមបង្វិលក្បាលប្រើតាមចិត្ត ពេលណាដែលហ្គេមអស់ប្រយោជន៍ គេធាក់ក្បាលចោលហើយតាមខាំពីក្រោយទៀត។ សាហាវ ពិសពុល គ្មាន២លើលោកនេះ»។ នាងបន្តថា៖ «លាហើយមនោសញ្ចេនាក្លែងក្លាយ – លាហើយក្តីស្រឡាញ់ដែលគ្មានការពិត – លាហើយពាក្យថាស្រឡាញ់ – លាហើយពាក្យថាបងប្អូន (ធ្លាប់ភ្លេចខ្លួនច្រលំថាគេដូចបងប្រុសបង្កើត) – លាហើយពាក្យថាបារម្ភ សុខចិត្តបាត់បង់អីក៏មិនអាចបាត់បង់ភាពជាបងប្អូន – លាហើយពាក្យសំដីល្អៗផ្អែមៗដែលខុសពីទង្វើ ផ្អែមពីមុខ ចាក់រុកពីក្រោយ (ខ្ញុំបានអភ័យអោយច្រើនហើយកន្លងមក សុខចិត្តឈឺ គថ្លង់ដើម្បីរក្សាទំនាក់ទំនង) តែពេលនេះធ្ងន់ជ្រុលហើយ»។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនក៏បានមានការងឿងឆ្ងល់ជាខ្លាំងថា តើមានមូលហេតុអ្វី បានជាកើតមានរឿងរ៉ាវរហូតដល់ប្អូនស្រីធម៌ម្នាក់នេះ សម្រេចចិត្តបង្ហោះសារ និងវីដេអូទម្លាយចេញពីភាពឈឺចាប់ជាបន្តបន្ទាប់បែបនេះ៕ ដោយ៖ លឹម ហុង