Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គុណភាព​បច្ចេកទេស​កា​រ៉ា​តេ​កម្ពុជា នៅ​ទាប​នៅឡើយ ដែល​ត្រូវ​កែទម្រង់​ឆ្ពោះទៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​អះអាងថា បច្ចុប្បន្ន​សហព័ន្ធ​បានធ្វើ​កំណែទម្រង់​បច្ចេកទេស ដែល​ទទួលបាន​គ្រូបង្វឹក​អន្តរជាតិ​ពីរ​នាក់ គឺ​មកពី​អ៊ីរ៉ង់ និង​ជប៉ុន ហើយ​គ្រូ​អ៊ីរ៉ង់​បាន​ពិនិត្យ និង​ការវាយតម្លៃ​ឃើញថា កម្រិត​គុណភាព​បច្ចេកទេស​របស់​គ្រូបង្វឹក កីឡាករ កីឡាការិនី​កម្ពុជា​នៅ​ទាប​ខ្លាំង​នៅឡើយ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នានា ទាំង​គុណភាព​កម្លាំងកាយ បច្ចេកទេស និង​យុទ្ធសាស្ត្រ​។​

​ឯកឧត្តម​អគ្គលេខាធិការ​បញ្ជាក់ថា តាម​ការផ្តល់​អនុសាសន៍​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ណែ​នំ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​អំពី​ការវិនិច្ឆ័យ​របស់​អាជ្ញា​កណ្តាល​-​ចៅក្រម ដើម្បី​ស្វែងរក Fair Play ដែល​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត​មាន​ទំនុកចិត្ត​ខ្ពស់ តាមរយៈ​ការបំពាក់​ឧបករណ៍​ទំនើបៗ​ជំនួយ​។ នៅក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​កីឡា​កា​រ៉ា​តេ ប្រចាំ​២០២០ ដែល​ទើប​បញ្ចប់​ការ​ពេល​ថ្មីៗ​នេះ សហព័ន្ធ​ទើប​ចាប់ផ្តើម​រៀបចំ​ការប្រកួត​តាម​ស្តង់ដា​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​ការប្រកួត​បែប​ទំនើប​នេះ​មិនទាន់បាន​រលូន​ល្អ​នៅឡើយ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា ក្នុង​គ្រួសារ​កីឡា​កា​រ៉​តេ​កម្ពុជា​ឡើងវិញ​ឲ្យ​មាន​សុខដុម​នី​កម្ម ដើម្បី​បន្ត​ការអភិវឌ្ឍ​ឲ្យ​វិស័យ​កីឡា​ជំនាញ​មួយ​នេះ​បាន​រី​ចម្រើន ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ផងដែរ​។​

​ឯកឧត្តម​បានលើកឡើង​នូវ​ការបង្ហាញ​របស់​គ្រូ​អ៊ីរ៉ង់ លោក Hassan ថា កីឡាករ កីឡា​រិ​នី​កម្ពុជា​ប្រើ​បានតែ​មួយ​ក្បាច់ ឬមួយ​បច្ចេកទេស ពេល​ឡើង​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​កន្លងទៅ​ថ្មីៗ​នេះ​។ ដូច្នេះហើយ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​២​រូប ដែលជា​ជនជាតិ​អ៊ីរ៉ង់​លោក Hassan និង​គ្រូ​ជប៉ុន លោក Shoki Toyarma នឹង​ពង្រឹង​ឡើងវិញ​លើ​ផ្នែក​គុណភាព​បច្ចេកទេស​ប្រយុទ្ធ និង​កាតា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ចុងឆ្នាំ​២០២១ និង​ឆ្ពោះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​បើកាលណា​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ ហើយ​យើង​ធ្វើទៅ​ត្រូវ​នឹង កម្រិត​បច្ចេកទេស នោះ​បច្ចេកទេស​នឹង​លូត​ឡើង​ឆាប់រហ័ស ហើយ​បើកាលណា​យើង​នៅតែមាន​បញ្ហា​ផ្ទៃក្នុង នោះ​សហព័ន្ធ​កីឡា​នីមួយៗ​នឹង​មិនអាច​រីកចម្រើន​បានឡើយ​។ ដូច្នេះ​នៅ​ឆ្នាំ​២០២១ សហព័ន្ធ​កីឡា​កា​រ៉​តេ​កម្ពុជា​នឹង​សម្រិតសម្រាំង​ពិតប្រាកដ​ហើយ ដោយសារ​យើង​មាន​គ្រូ​ឯកទេស​កម្រិត​ខ្ពស់​អន្តរជាតិ​២​រូប មកជួយ​ដល់​បច្ចេកទេស ដល់​ក្រុម​ជម្រើសជាតិ គ្រូ​អ៊ីរ៉ង់ លោក Hassan ធ្លាប់​ប​ង្វា​ត់​ក្រុម​កីឡាករ​កីឡាការិនី​វៀតណាម​៤​ឆ្នាំ ដែល​ធ្វើ​ឲ្យ​វៀតណាម អាច​ដណ្តើម​មេដាយ​ដល់​កម្រិត​ពិភពលោក​។ លោក Hassan បញ្ជាក់ថា កាល​លោក​ទៅ​បង្វឹក​នៅ​ប្រទេស​វៀតណាម គឺ​កម្រិត​កីឡាករ កីឡាការិនី​កា​រ៉​តេ​វៀតណាម ដូច​កម្ពុជា​យើង​ដែរ ប៉ុន្តែ​សំខាន់​គឺ​កម្ពុជា​មិនមាន​ពេល​គ្រប់គ្រាន់​ដល់​ទៅ​៤​ឆ្នាំ នោះទេ ដោយ​ការត្រៀម​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ គឺ​កម្ពុជា​នៅ​ដល់ពេល​តែ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ ដែល​តាម​ធម្មតា ការអភិវឌ្ឍ​បច្ចេកទេស​គឺ​ត្រូវការ​ពេល​៤​ឆ្នាំ ស្មើនឹង​មួយ​ជុំ​អូឡាំពិក ដូច្នេះ​គ្រូបង្វឹក​អ៊ីរ៉ង់​រូបនេះ​សម្តែង​ការសោកស្តាយ ដែលមាន រយៈពេល​ខ្លី​បន្តិច​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន លើកឡើង​ទៀត ទោះ​យ៉ាងនេះ​ក្តី ក៏​សហព័ន្ធ​កំពុង​ខិតខំ​រក​យុទ្ធសាស្ត្រ​ពិសេស ដើម្បី​ពង្រឹង បច្ចេកទេស​ឲ្យ​កាន់​រឹងមាំ ដោយ​ឯកឧត្តម​ដាក់​ក្តីសង្ឃឹម ដែល​សហព័ន្ធ​ទទួលបាន​គ្រូ​អន្តរជាតិ​ពីររូប​នេះ ដែល​គ្រូ​ជប៉ុន លោក Shoki Toyarma នឹង​ពង្រឹង​លើ​ផ្នែក​កាតា ដែល​ប្រទេស​ជប៉ុន នៅតែ​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១​លើ​កីឡា​កា​រ៉ា​តេ លើ​ពិភពលោក បើ​ផ្នែក​ប្រយុទ្ធ គឺ​នៅ​ចាញ់​បណ្តា​ប្រទេស​អឺរ៉ុប អ៊ីរ៉ង​…​ជាដើម​។ នៅ​ឆ្នាំ​២០២១ កីឡា​កា​រ៉ា​តេ​កម្ពុជា​នឹង​ប្រែប្រួល ក្នុង​របត់​ថ្មី​មួយ សម្រាប់​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ខ្លួន​។ កន្លងមក ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កា​រ៉ា​តេ​មិនត្រូវ ពេលវេលា ដែល​អាច​លូតលាស់​បានទេ ឧទាហរណ៍​ដូចជា ការហ្វឹកហាត់​ពេលព្រឹក និង​ទៅ​រៀន នៅពេល​ល្ងាច​ជាដើម ដែល​ខុសពី​ក្បួន​វិទ្យាសាស្ត្រ​កីឡា ដែល​តាម​តាម​ធម្មតា​ហ្វឹកហាត់​ហើយ ត្រូវ​សម្រាក​សិន​។​
«​នៅក្នុង​ការប្រកួត ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១ ខាងមុខ កីឡា​ការ៉េ​តេ​មានការ​លំបាក​បន្តិច ក្នុងការ​ប្រជែង​មេដាយមាស ដោយ​យើង​រំពឹង​ត្រឹម​មេដាយ​សំរឹទ្ធ ប៉ុន្តែ​ប្រសិនបើ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​ជា ជនជាតិ​អ៊ីរ៉ង់​រូបនេះ​អាច​ស្វែង​រកឃើញ​កីឡាករ កីឡាការិនី​មាន​ទេពកោសល្យ​ខ្ពស់ នោះ​គាត់​អាច​បង្វឹក​ត្រឹមតែ​១​ឆ្នាំ​គឺ​គាត់​អាច​ឲ្យ​កូនសិស្ស​របស់គាត់​ស្វែងរក​មេដាយមាស​បាន​។ បើ​ប្រៀបធៀប​គុណភាព​បច្ចេកទេស​កីឡា​កា​រ៉ា​តេ​កម្ពុជា​ជាមួយ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ គឺ​យើង​នៅ​ទាប​ជាងគេ​។ ដូច្នេះហើយ​ទើប​យើង​កំពុងតែ​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​រឹងមាំ តាមរយៈ​ការប្រកួត​ក្នុងស្រុក​ឲ្យ​បាន​ច្រើន និង​ត្រៀម​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​កា​រ៉ា​តេ ជើងឯក​អាស៊ីអាគ្នេយ៍ នា​ឆ្នាំ​២០២១ និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​មុន ស៊ី​ហ្គេម (Pre-SEA Games) នា​ឆ្នាំ​២០២២ ដើម្បី​វាយតម្លៃ និង​ដាក់​គោលដៅ​ថា​អាច​ដណ្តើមបាន​មេដាយ​ប៉ុន្មាន​គ្រឿង ក្នុងពេល​ប្រកួត ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​» នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×